Social Network

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត ដីសម្បទានជាង ១ម៉ឺនហិកតា មានផលប៉ះពាល់ពី ក្រុមហ៊ុនវិនិយោគ ចំនួន៨

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា នៅពេលកន្លងមក បានសម្បទាន ដីសេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនមួយចំនួន ដែលមកសុំ ធ្វើការវិនិយោគនោះ តែដោយឃើញមាន ផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ និងបង្កជាទំនាស់ដីធ្លី ជាច្រើនកន្លែងនោះ ក៏បានប្រកាស លុបចោល ការផ្តល់ដីសម្បទាន សេដ្ឋកិច្ចនេះវិញ ហើយនៅពេលនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចចិត្ត ដកហូតដីសម្បទាន ជាង ១ម៉ឺនហិកតា បន្ថែមទៀត ពីក្រុមហ៊ុនចំនួន៨ ដើម្បីយកមករក្សាទុក ជាសម្បត្តិរដ្ឋ ។

ថ្លែងនៅក្នុង សន្និសីទកាសែត ស្តីពី «ការគ្រប់គ្រង ដីសម្បទាន សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព របស់ រាជរដ្ឋាភិបាល កម្ពុជា» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា «ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃដី សម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានសម្រេចតាម លិខិតលេខ ១៣៦៥ ស.ជ.ណ. ចុះថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៤ យើងនេះ បានបញ្ឈប់នូវគោលការណ៍ វិនិយោគចំនួន ៨» ។

ឯកឧត្តម រដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ក្រុមហ៊ុនទាំង ៨នោះ រួមមាន៖ ទី១. ក្រុមហ៊ុនវិមានសិលា ៩៨៧ ហិកតា, ទី២. ក្រុមហ៊ុន ស៊ាន ហេង ៩៨៥ហិកតា, ទី៣. ក្រុមហ៊ុន ស៊ាន ហេង (ទី២) ៣៥០ហិកតា (ក្រុមហ៊ុន ស៊ាន ហេងនេះ ត្រូវបានគេទម្លាយ ឲ្យដឹងថា ជារបស់ភរិយា ឯកឧត្តម ស្បោង សារ៉ាត់ អតីតអភិបាល ខេត្តព្រះសីហនុ), ទី៤. ក្រុមហ៊ុន Romatro Co., Ltd. ៣៥០ហិកតា, ទី៥. ក្រុមហ៊ុន ហេង ប៊ុនលាភ Co., Ltd., ទី៦. ក្រុមហ៊ុន សាំង រតនៈ ៥៨៥ហិចតា, ទី៧. ក្រុមហ៊ុន ចាន់ វិចិត្រ ៦៣ហិកតា និងទី៨. ក្រុមហ៊ុន ឋានសួគ៌ ចំកាត់ ៩.១៣៧ហិកតា ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ចំពោះដីសម្បទានសេដ្ឋកិច្ច ទាំងនោះ គឺឋិតនៅក្នុង តំបន់ឧទ្យានជាតិ ខេត្តព្រះសីហនុ និងនៅតំបន់ ព្រះកុសមៈ គិរីរម្យ ដែលរាជរដ្ឋាភិបាល ត្រូវធ្វើការបញ្ឈប់ ការវិនិយោគ ឲ្យនិងត្រូវយកមក រក្សាទុកវិញ ។

យ៉ាងណាក៏ដោយ ចំណាត់ការ ត្រូវបានគេមើលឃើញជា ការចេញដំណើរថ្មី មួយទៀត នៅក្នុងរាជរដ្ឋាភិបាល អណត្តិទី៥ នៃរដ្ឋសភា ក្នុងកំណែទម្រង់លើ វិស័យដីធ្លី និង ការវិនិយោគ ដែលបង្កផលប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ៕