Social Network

កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រនៅកម្ពុជា បានក្លាយជាខេត្តដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាតំបន់ដែលទទួលបានភ្ញៀវច្រើនជាងគេ ក្នុងចំណោមខេត្តរាជធានីទាំងអស់នៅកម្ពុជា ។

ជាក់ស្ដែង បើតាមតួលេខស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា ខេត្តកំពត គឺជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានភ្ញៀវច្រើនជាងគេ ក្នុងខែកក្កដា ២០២០នេះ បន្ទាប់មក គឺខេត្តកែប ។

យោងតាមស្ថិតិនោះបានបង្ហាញថា ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង១៤ម៉ឺន៦ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ១៤ម៉ឺន៣ពាន់នាក់ និងភ្ញៀវអន្តរជាតិក៏មានប្រមាណជិត៣ពាន់នាក់ទៀតផងដែរ ។

ដោយឡែកខេត្តកែប ក្នុងខែកក្កដា ២០២០នេះ ក៏ទទួលបានភ្ញៀវប្រមាណ១១ម៉ឺន៧ពាន់នាក់ផងដែរ ដោយមានភ្ញៀវជាតិប្រមាណ១១ម៉ឺន៦ពាន់នាក់ ។

តួលេខនេះ ក៏បានបង្ហាញពីស្ថិតិភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅខេត្តសៀមរាបដែលធ្លាប់តែទទួលបានច្រើនជាងគេ កាលពីពេលកន្លងមកដែរ ដោយក្នុងខែកក្កដា ២០២០នេះ ភ្ញៀវទៅទស្សនានៅខេត្តសៀមរាប មានតែជាង៥ពាន់នាក់ប៉ុណ្ណោះ ដោយមានភ្ញៀវអន្តរជាតិជិត២ពាន់នាក់ និងភ្ញៀវជាតិជាង៣ពាន់នាក់ ។

បើតាមលោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានមានប្រសាសន៍ថា កំណើនភ្ញៀវទេសចរដែលមកលេងនៅខេត្តកែប ទើបតែកើនឡើងនៅរយៈពេលពីបីខែចុងក្រោយប៉ុណ្ណោះ ពោល គឺចាប់តាំងពីខែឧសភា និងបន្ទាប់ពីក្រសួងបានចេញសេចក្ដីអំពាវនាវអោយទេសចរណ៍ក្នុងស្រុកចេញធ្វើដំណើរតាមតំបន់រមណីយដ្ឋាននានាឡើងវិញ ។

លោកថា៖« បើបូកសរុបក្នុងរយៈពេល១ឆមាស ឆ្នាំ ២០២០ ភ្ញៀវមកលេងខេត្តកែបបានធ្លាក់ចុះទៅវិញទេ គឺធ្លាក់ចុះប្រមាន២០ភាគរយ ដោយសារតែដើមឆ្នាំ២០២០ រយៈពេលពីរបីខែ មិនមានភ្ញៀវមកលេងនោះទេ តែក្រោយមកក៏មានមកបណ្ដើរឡើងវិញ » ។

លោកបន្តថា សម្រាប់ថ្ងៃឈប់សម្រាកនៅខាងមុខ រយៈពេលជិត១០ថ្ងៃ ខេត្តកែបនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមឆ្នេរមាត់សមុទ្រដើម្បីត្រៀមទទួលភ្ញៀវ ក្រៅពីនោះក៏មានទេសចរណ៍តំបន់ចំការនៅភ្នំវល្លិ៍ដែលទើបបង្កើតថ្មី សម្រាប់ទទួលភ្ញៀវមកកម្សាន្តផងដែរ ។

លោករំពឹងថា ភ្ញៀវមកលេងខេត្តកែប ក្នុងរយៈពេលប៉ុន្មានថ្ងៃឈប់សម្រាកមានចំនួន៥០ម៉ឺននាក់ ព្រោះបច្ចុប្បន្ននេះ ថ្ងៃធម្មតាជាពិសេសថ្ងៃសៅរ៍អាទិត្យអាចទទួលបានជាង១ម៉ឺននាក់ផងដែរ ។

លោកបន្ថែមថា សម្រាប់សេវាកម្មទេសចរណ៍ក្នុងខេត្តកែបវិញ គឺមានទំនាក់ទំនងនិងពឹងពាក់គ្នាទៅវិញទៅមកជាមួយនឹងខេត្តកំពត ឧទាហរណ៍ថា ភ្ញៀវមកលេងនៅខេត្តកែបហើយមិនមានកន្លែងស្នាក់នៅ ពួកគាត់អាចទៅសម្រាកនៅខេត្តកំពត ហើយសម្រាប់ភ្ញៀវទៅលេងខេត្តកំពតក៏អាចមកសម្រាកនៅខេត្តកែបបានដែរក្នុងករណីកែបនៅសល់កន្លែងស្នាក់ ។

សម្រាប់ស្ថានភាពទេសចរណ៍នៅខេត្តកំពតវិញ នៅរយៈពេលប៉ុន្មានខែនេះឃើញថាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក បានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរពីរាជធានីភ្នំពេញ ក៏ដូចជាខេត្តដទៃ មកសម្រាកលំហែ ហើយក៏មានភ្ញៀវមកសម្រាកកម្សាន្តជាហូរហែរផងដែរ ជាពិសេសនៅរៀងរាល់ថ្ងៃឈប់សម្រាក ៕

ដកស្រង់ពី៖ កោះសន្តិភាព