Social Network

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីស្ថានភាពជលសាស្ដ្រក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន ដែលមានសភាពប្រែប្រួលនៃកម្ពស់ទឹក បង្កឡើងដោយការប្រែប្រួលអាកាសធាតុ (ភ្លៀងធ្លាក់តិច) ដោយរួមមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* ចំណែកគ្រប់គ្រងនៃរបបទឹកនៅតាមបណ្ដាប្រទេសទន្លេមេគង្គ

* ស្ថានភាពជលសាស្ដ្រ និងការប្រែប្រួល (ការថយចុះ) នៃរបបទឹកទន្លេមេគង្គនៅកម្ពុជា

* កិច្ចសហប្រតិបត្តិការនានាក្នុងតំបន់ទន្លេមគង្គ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងធនធានទឹក និងឧតុនិយម៕

 

ដកស្រង់ពី៖ Fresh News