Social Network

សម្តេចក្រឡាហោម : ក្រសួងមហា ផ្ទៃសិក្សារៀបចំមេធាវីនៅតាម រដ្ឋបាលខេត្ត ស្រុក ដែលកើតមានបញ្ហាច្រើន

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសិក្សារៀបចំមេធាវីនៅតាម រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលកើតមានបញ្ហាច្រើន ដើម្បីជួយបញ្ចៀសការអនុវត្តការងារមួយចំនួនខុសពីនីតិវិធី។

ការបញ្ជាក់នេះ នៅក្នុងជំនួបជាមួយប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជា ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។

ដូច្នេះក្រសួងក៏ទាមទារឲ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថាគ្រប់កិច្ចការគឺត្រូវតែអនុវត្តតាមច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការអញ្ជើញមកក្រសួងមហាផ្ទៃរបស់ប្រតិភូគណៈមេធាវីកម្ពុជាថា ជាការផ្ដួចផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឲ្យភាគីទាំងពីរ បានជួបជែកពិភាក្សារួមគ្នាទាំងនៅក្នុងពេលនេះ និងសម្រាប់ពេលខាងមុខដើម្បីបុព្វហេតុពង្រឹងយុត្តិធម៌សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក៏បានថ្លែងអបអរសាទរចំពោះជោគជ័យទាំងឡាយដែលគណៈមេធាវីកម្ពុជា ក្នុងរយៈពេលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិបច្ចុប្បន្ននេះ បានបំពេញការងារជាច្រើនចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។

លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍រាយការណ៍ជូនសម្ដេចថាគិតមកដល់ពេលនេះ គណៈមេធាវីមានសមាជិកចំនួន១៧៥៦ ជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន៣៤៩នាក់ ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើងដោយសារសេដ្ឋកិច្ចមានការរីកចំរើន តម្រូវការផ្លូវច្បាប់មានច្រើន ហើយគណៈមេធាវីក៏បានពង្រាយមេធាវីទៅកាន់ខេត្តដាច់ស្រយាល។

លោកបានបន្តថាចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ គឺមេធាវីម្នាក់មានទំនៃការផ្ដល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋដល់ទៅ១៥០០នាក់។

លោកក៏បានជម្រាបជូនសម្ដេចអំពីការងារកំណែទម្រង់ការងាររដ្ឋបាលនៅគណៈមេធាវីដើម្បីឲ្យមានតម្លាភាព តាមរយៈការបង្កើតគោលនយោបាយហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក សុខមាលភាពមេធាវី និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឯកសារ។

លោកបន្ត ថាគណៈមេធាវីក៏បានបានបង្កើតក្រុមប្រឹក្សាវិន័យតូចនៅក្រោមក្រុមប្រឹក្សាវិន័យធំ ដោយរៀបចំឲ្យមានការជំនុំជម្រះដូចសវនាការនៅតុលាការ ដើម្បីឲ្យមេធាវីដែលមានរឿងអាចដាក់ភស្តុតាង ឬពលរដ្ឋដែលប្ដឹងមេធាវីអាចដាក់ភស្តុតាង និងមានសវនាការត្រឹមត្រូវស្របពេលដែលការងារសង្គមក៏ត្រូវបានគណៈមេធាវីខិតខំបំពេញយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាមេធាវីឥតគិតកម្រៃជូនប្រជាពលរដ្ឋក្រីក្រ។

លោកប្រធានបានបន្តថាក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គណៈមេធាវីបានទទួលក្ដីជួយជនក្រីក្រចំនួន១៥៣៧៣ករណី និងពីកូ ក្ដីទូទី២៣៤២៩ករណី ក្នុងនោះមានស្ត្រី១៧០៥នាក់ និងកុមារ៥៩០៣នាក់ ដោយការងារនេះ គណៈមេធាវីបានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល។

លោកបន្តកំណើនរឿងក្ដីនេះក៏ដោយសារទំនុកចិត្តពីកូនក្ដីដែលកន្លងមកធ្លាប់ពឹងលើមេធាវីសង្គមស៊ីវិល។ លោកប្រធានគណៈមេធាវីបានមានប្រសាសន៍ថាកន្លងមកនេះមេធាវីមានឱកាសធ្វើការងារផ្នែកសង្គមនេះបានច្រើន បន្ទាប់ពីមានការរៀបចំបន្ទប់មេធាវីនៅតាមពន្ធនាគារ ជាសមិទ្ធផលមួយដ៏ធំធេងរបស់សម្ដេចក្រឡាហោម ដែលបានផ្ដល់ឱកាសឲ្យគណៈមេធាវីបានរៀបចំសាងសង់បន្ទប់នៅតាមបណ្ដាពន្ធាគារ ដើម្បីបង្កើន និងពង្រឹងសេវាប្រឹក្សាច្បាប់ក្នុងពន្ធនាគារ និងបានជួបកូនក្ដីនៅកន្លែងនគរបាល។

ជាការតបស្នងចំពោះគុណូប្បការៈរបស់សម្ដេចក្រឡាហោម លោកប្រធានគណៈមេធាវីបានជម្រាបសម្ដេចថា គណៈមេធាវីបានសម្រេចគោរពជូនសម្ដេចនូវអាវកិត្តិយសថ្នាក់លេខ២ ដើម្បីជាអនុស្សាវរិ៍ និងការដឹងគុណចំពោះសម្ដេចដែលបានជួយគណៈមេធាវីក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។

លោកប្រធានក៏បានស្នើសុំសម្ដេចបន្តជួយគណៈមេធាវីដើម្បីឲ្យវិជ្ជាជីវៈកាន់តែរឹងមាំ ក្នុងនោះក៏មានការជំរុញឲ្យមេធាវីអាចចូលជួបកូនក្ដីនៅកន្លែងនគរបាលបានច្រើន

ជាងមុន ដោយសារកន្លែងខ្លះនៅមិនទាន់មានកិច្ចសហការពេញលេញនៅឡើយ លោកក៏បានស្នើសុំសម្ដេចពិនិត្យលទ្ធភាពឲ្យមេធាវីបាននៅប្រចាំការនៅការិយាល័យនគរបាលនីមួយៗដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ៕

ដកស្រង់ពី៖ រស្មីកម្ពុជា