Social Network

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កូវីដ១៩ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច (២០២១-២០២៣) ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផ្ទុះ និងការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោកទាំងមូលរង្គោះរង្គើ។ កត្តាធម្មជាតិ១នេះ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ»។

លោកបន្តថា កូវីដ១៩ បានរុញឲ្យចង្វាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងពិភពលោករអាក់រអួល និងជួបកាត់ផ្តាច់ក្នុងកម្រិតធ្ងន់ធ្ងរ។

វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុកដល់បាត វិស័យដឹកជញ្ជូន ជាពិសេសផ្លូវអាកាសគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនចុះខ្សោយ ដោយសារវិធានការរឹតត្បិតនានា ដើម្បីឃុំគ្រងកុំឲ្យជំងឺរីករាលដាល។

លោកបន្ថែមថា ជំងឺឆ្លងនេះ ក៏បង្កហានិភ័យធំឡើងនៃការក្ស័យធន់ផ្នែកធុរកិច្ច ដែលធ្វើឲ្យបាត់បង់ការងាររបស់មនុស្សរាប់រយលាននាក់។

ផលប៉ះពាល់របស់កូវីដ១៩ មិនត្រឹមតែលាតសន្ធឹងលើវិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាក៏ហក់ក្នុងសៃវៀននយោបាយ ដោយការធ្វើនយោបាយតូបនីយកម្ម ដើម្បីយកកំហុសនៃអសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺនេះ ទៅទម្លាក់ឲ្យអ្នកដទៃ។

បើតាម លោក ប្រាក់ សុខុន, នេះជាលើកទី២ហើយ ដែលក្រសួងទាំង២ បានរៀបចំសិក្ខាសាលាបែបនេះ ដើម្បីការផ្លាស់ប្តូរមតិយោបល់ ជជែកពិភាក្សា ប្រមូលធាតុចូល សម្រាប់តាក់តែងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច សម្តៅរួមចំណែកពង្រឹងខឿនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

លោកបញ្ជាក់ថា «សិក្ខាសាលាថ្ងៃនេះ ប្រព្រឹត្តទៅក្នុងស្ថានភាព ពិភពលោកយើងទាំងមូលប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុត មិនធ្លាប់ជួបក្នុងរយៈពេលជាង ៣ទស្សវត្សចុងក្រោយនេះ បណ្តាលមកពីកត្តាផ្គួបផ្សំគ្នាជាច្រើន។

កត្តាធំជាងគេនោះ គឺធម្មជាតិ និងមនុស្ស»។ គួររំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការបរទេស ក៏បានសហការជាមួយក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ លើកទី១ នៅសណ្ឋាគារសុខាភ្នំពេញផងដែរ៕

ដកស្រង់ពី៖ Fresh News