Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​បញ្ហា​អាទិភាព​បំផុត​គឺ​អាយុជីវិត​ប្រជាជន​ ត្រូវ​ជម្លៀស​ប្រជាជន​មកកាន់​ទីទួល​សុ​វតិ្ថភាព​ឲ្យ​បាន

  • Print

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវ៣ចំណុចទៅកាន់អាជ្ញាធរគ្រប់លំដាប់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

ដែលត្រូវយកចិត្តទុកដាក់៖

ទី១.គឺកាជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាពដោយធ្វើការប្រុងប្រៀបជាមុនពិនិត្យមើលទីកន្លែងជាមុនដើម្បីឆ្លើយតបនៅពេលដែលធ្វើការដឹកជញ្ជូនទៅតើត្រូវដឹកជញ្ជូនទៅកន្លែងណា។

ទី២.បន្ទាប់ពីទឹកស្រក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជួយសម្រួលដឹកជញ្ជូនប្រជាជនមកកាន់មូលដ្ឋានវិញ និងចំណុចទី៣.បញ្ហាទាក់ទងជាមួយនឹងការផ្គត់ផ្គង់ស្បៀងអាហារគ្រប់ប្រភេទ ហើយក៏ដូចជាខិតខំធ្វើការព្យាបាលជំងឺប្រសិនជាមាន។ជាមួយនេះសម្តេចក៏បានអំពាវនាវចំពោះប្រជាជនត្រូវចេះការពារជំងឺខ្លួនឯងតាមរយៈការធ្វើអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវបែបនេះនៅក្នុងឱកាសសម្តេចចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃស្ថានភាពទឹកជំនន់និងពិនិត្យមើលការស្នាក់នៅរបស់ប្រជាពលរដ្ឋដែលបានជម្លៀសចេញមកកាន់ទីទួលសុវតិ្ថភាពនារាត្រីថ្ងៃទី១៥ ខែតុលានេះ នៅព្រំប្រទល់រាជធានីភ្នំពេញនិងខេត្តកណ្តាល។

នៅក្នុងជំនួបនោះសម្តេចបានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។សម្តេចតេជោបានលើកឡើងថា យើងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដែលជាអតិ្ថភាពធំបំផុតរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសង្គ្រោះជីវិតប្រជាជនឲ្យបានសិន។

សម្តេចកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់ខេត្តរាជធានីនិងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានប្រឹងប្រែងដើម្បីជម្លៀសប្រជាជនចេញមកកាន់ទីទួលសុវត្ថិភាពឬទៅកន្លែងដែលមានសុវត្ថិភាព ។

ពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ក៏ដូចជាកងកម្លាំងអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការដ៏ល្អនៅគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង។

សម្តេចស្នើសុំឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ក្លាយទៅជាឆ្អឹងខ្នងនៃអន្តរាគមន៍សម្រាប់សង្គ្រោះប្រជាជនយើងតទៅទៀតដូចដែលយើងបាននឹងកំពុងធ្វើនៅពេលនេះ ហើយនេះមិនមែនជាបញ្ហាថ្មីនោះទេ,កងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើកិច្ចការងារនេះតាំងពីទសវត្សរ៍ ៨០ រហូតមកដល់ពេលនេះ។

សម្តេចបន្តថា សម្រាប់ប្រជាពលរដ្ឋរបស់យើងនៅរាជធានីភ្នំពេញគឺកំពុងស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរនៅឡើយ ជាមួយនឹងខេត្តកណ្ដាលបូកជាមួយនឹងខេត្តបន្ទាយមានជ័យ ឯខេត្តដទៃទៀតដូចជាខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់គឺមានការធូរស្រាលបន្តិចនិងខេត្តផ្សេងៗទៀតមានការធូរស្រាលបន្តិចហើយ។សម្តេចបានស្នើឲ្យអាជ្ញាធរនៅរាជធានីភ្នំពេញ ខេត្តកណ្ដាលនិងបន្ទាយមានជ័យបន្តការយកចិត្តទុកដាក់ទៅលើកិច្ចការតាមដានដំណើរវិវត្តនៃចរន្តទឹកដែលហូរចូល ។

សម្តេចក៏បានធ្វើការក្រើនរំលឹកចំពោះប្រជាជនទាំងអស់ត្រូវស្តាប់តាមការស្នើសុំរបស់អាជ្ញាធរ ប្រសិនជាអាជ្ញាធរស្នើឲ្យមានការចាកចេញ សូមមេត្តាចាកចេញទៅតាមសំណូមពររបស់អាជ្ញាធរ មិនមានគំនិតដែលថាមិនអីទេ ព្រោះអាពាក្យមិនអីទេនេះហើយដែលយើងអាចជួបគ្រោះថ្នាក់ដល់អាយុជីវិតដោយអាជ្ញាធរមិនអាចជួយសង្គ្រោះទាន់ពេលវេលា ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លែងដែលមានប្រជាពលរដ្ឋត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពត្រូវមានគ្រូពេទ្យប្រចាំការនៅទីនោះដើម្បីមើលថែទាំសុខភាព។អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការជាមួយផ្នែកសុខាភិបាលដើម្បីដាក់គ្រូពេទ្យប្រចាំការចៀសវាងនូវការកើតឡើងនូវគ្រោះថ្នាក់ជាយថាហេតុ ។

សម្តេចក៏បានដាស់តឿនចំពោះអាជ្ញាធរឲ្យបន្តតាមដានក្រែងមានប្រជាពលរដ្ឋមិនទាន់បានចាកចេញពីលំនៅដ្ឋានរបស់គាត់ ។

ពេលខ្លះគាត់អាចសម្ងំនៅទីនោះ ដូចនេះត្រូវមានកម្លាំងចល័តទៅតាមផ្ទះនីមួយៗដើម្បីពិនិត្យមើលហើយក៏ត្រូវថែទាំនូវទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះសម្បែងផងដែរ ព្រោះពួកចោរលួចចោរប្លន់អាចឆ្លៀតទៅលួចទ្រព្យសម្បត្តិប្រជាជននៅតាមលំនៅដ្ឋាន។ដូច្នេះសូមសមត្ថកិច្ចអាវុធហត្ថជានគរបាលនិងប្រជាការពារយកចិត្តទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ។

សម្តេចតេជោ ហ៊ុន សែនក៏បានធ្វើការពន្យល់ប្រជាពលរដ្ឋអំពីការកើតឡើងនែជំនន់ទឹកភ្លៀងនៅពេលនេះវាមិនមែនកើតឡើងដោយសារការលុបបឹងនោះទេ។តែដោយជំនន់ទឹកភ្លៀងដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុភ្លៀងធ្លាក់ខ្លាំងនៅតាមដងស្ទឹងសំខាន់ ហើយវាបានហូរធ្លាក់មកកាន់ស្ទឹងព្រែកត្នោតធ្វើឲ្យស្ទឺងរបស់យើងមិនអាចទ្រទ្រង់បានទើបធ្វើឲ្យទឹកហូរលឿនលិចដល់ភូមិដ្ឋានប្រជាពលរដ្ឋ ។ ហើយវាមិនមែនកើតមានតែកម្ពុជានោះទេ ប្រទេសថៃ ប្រទេសវៀតណាមនិងប្រទេសក្នុងតំបន់សុទ្ធតែទទួលរងនូវទឹកជំនន់

ហើយនេះគឺជាគ្រោះមហន្តរាយធម្មជាតិសម្រាប់តំបន់នេះ ។ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងប្រុងប្រយ័ត្នគ្រប់ពេលវេលាសូម្បីតែអ្នកមិនទាន់បានជម្លៀសចេញពីផ្ទះប្រយ័ត្ននូវសត្វកាចសាហាវដែលក្រសួងសុខាភិបាលកំពុងបញ្ជូនចុះនូវបណ្ដាថ្នាំសម្រាប់ការដោះស្រាយដូចជាពស់ជាដើម ព្រោះនៅពេលណាទឹកលិចសត្វទាំងនោះវាក៏ត្រូវឡើងមកលើគោកដូចយើងដែរ ។

សម្តេចសង្ឃឹមថាខ្មែរយើងអាចជម្នះបាននូវឧបសគ្គដែលមាននៅចំពោះមុខរបស់យើង យើងបន្តរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ19 ផង រួមគ្នាប្រយុទ្ធជាមួយនឹងគ្រោះមហន្តរាយធម្ម ជាតិទឹកជំនន់ផងនិងរួមគ្នាស្ដារឡើងវិញនូវប្រទេសជាតិរបស់យើងក្រោយទឹកជំនន់និងក្រោយកូវីដ១៩ ផង ។

បន្ទាប់មកសម្តេចតេជោហ៊ុនសែនក៏បានបន្តដំណើរទៅកាន់ស្ពានព្រែកជ្រៃបន្តទៀតដើម្បីជួបជាមួយប្រជាពលរដ្ឋដែលកំពុងត្រូវបានជម្លៀសចេញមកទីទួលសុវត្ថិភាព ៕

ដកស្រង់ពី៖ រស្មីកម្ពុជា