Social Network

សម្តេចតេជោបញ្ជាកងកម្លាំងធ្វើយ៉ាងណាសង្រ្គោះប្រជាជនរងគ្រោះឲ្យទាន់ពេលចៀសវាងយឺតបង្កគ្រោះថ្នាក់

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជាបាន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិច និងបញ្ជាឱ្យកម្លាំងទាំងអស់ត្រូវតែខិតខំជម្លៀសប្រជាពលរដ្ឋឱ្យរួចផុតពីកន្លែងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។

សម្តេចអគ្គមហាសេនាបតីតេជោបានអញ្ជើញមកដល់ទីតាំងទឹកលិចទីមួយនៅក្នុងបុរី ពិភពថ្មី កួរស្រូវ២ ផ្លូវជាតិលេខ២ នៅវេលាម៉ោង ៦និង៤៨នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ និងបន្តទៅទីតាំងទី២ នៅផ្លូវ២១៧ ទុលមុខ ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃដដែល ។

ថ្លែងចំពោះមុខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ សម្តេច ហ៊ុន បានដាក់បទបញ្ជាទៅកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាជនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ចៀសវាងការយឺតណាមួយដែលបង្កឱ្យប្រជាជនមានគ្រោះថ្នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវការពារសុខភាពខ្លួនឯង ជាពិសេសត្រូវការពារពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការរក្សាគម្លាតពីគ្នា ។

លើសពីនេះទៀតនោះសម្តេចបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលគ្រប់គោលដៅ ដើម្បីការពារ និងត្រៀមបម្រុងគ្រប់សកម្មភាពជួយប្រជាជនដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងពីជំនន់ទឹកភ្លៀង ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ពេលនេះខ្មែរយើងនឹងជម្នះបាននូវឧបសគ្គនៅចំពោះមុខ ដោយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមគ្នាប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយទឹកជំនន់ និងរួមគ្នាស្តារទ្បើងវិញ ក្រោយទឹកជំនន់ និង កូវីដ-១៩ ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានបង្ហើបឱ្យដឹងដែរថា ក្រោយទឹកស្រកទៅវិញ សម្តេចគ្រោងនឹងប្រើប្រាស់ថវិកាដែលសេសសល់ពីការជួយសង្គ្រោះបន្ទាន់ពីទឹកជំនន់ទៅជួយជនរងគ្រោះដែលរងការខូចខាតដោយសារទឹកជំនន់ដោយរៀបចំចាត់ចែងទៅតាមទិដ្ឋភាពជាក់ស្តែង ។

ទាក់ទងនៃជំនន់ទឹកភ្លៀងនេះដែរ ប្រសិនបើប្រជាពលរដ្ឋមិនទាន់ចេញពីផ្ទះ ហើយកំពុងត្រូវការកម្លាំងសមត្ថកិច្ចដើម្បីជួយសង្គ្រោះ សូមទំនាក់ទំនងមកអាជ្ញាធរជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686 ៕

ដកស្រង់ពី៖ រស្មីកម្ពុជា