Social Network

រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ ពី​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថ និងសវនកម្មនៃរដ្ឋសភា (គ២) មកពិនិត្យ និងសិក្សា ។

លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋានរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតី សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ មកប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភាធ្វើការពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។

លោកបន្តថាឡេង ប៉េងឡុង បានបន្តថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលគិតគូរចំពោះបញ្ហាជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ផងដែរ ។

លោកថា៖ «ជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាប៉ះពាល់ដូចជា ផ្នែកទេសចរណ៍ សេវាកម្ម… ចំនែកគ្រោះទឹកជំនន់បានប៉ះពាល់ធ្ងន់ធ្ងរ ដូចជាប៉ះពាល់ហេដ្ឋរចនាសម្ព័ន្ធ ដំណាំដាំដុះ របស់ប្រជាជន «…» ។

អីញ្ចឹងដូចស្មារតីបានជម្រាបហើយ កន្លងមករាជរដ្ឋាភិបាលមានវិធានការសមស្របមួយចំនួនហើយ» ។

លោកបន្តថា ចំពោះឆ្នាំ២០២១នេះ រដ្ឋាភិបាលបានកំណត់ថា ចំពោះថវិការដែលមិនត្រូវចំណាយមិនចាំបាច់ផងដែរ ។ ដោយទៅប្រមូលផ្តុំអ្វីដែលសំខាន់ គឺជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ។

យោងតាមសេចក្តីសន្និដ្ឋានសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ដែលគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ថា ថវិការឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធានសម្រាប់ទ្រទ្រង់ដល់

និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក៏ដូចជា ដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣

ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ។

ទន្ទឹមនេះក្របខណ្ឌថវិកាឆ្នាំ២០២១ ក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយដែលសម្រេចបានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមក ប្រកបដោយភាពជាម្ចាស់ ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីជម្នះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមាននានាបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតទាំងក្នុង និងក្រៅប្រទេស ដើម្បីកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។

ថវិការឆ្នាំ២០២១ បានដាក់ចេញនូវគោលដៅច្បាស់លាស់ និងប្រាកដនិយម ដើម្បីរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងដោយតម្រង់ និង ផ្តល់អាទិភាពខ្ពស់បំផុត ដល់ ចំណាយចាំបាច់ ទាំងឡាយសំដៅទប់ទល់ការរាតត្បាត

និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ចសេចក្តីត្រូវការ និងតម្រូវការចាំបាច់ ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា សម្រាប់អនុវត្តគោលនយោបាយវិស័យសំខាន់ៗ

មានជាអាទិ៍ ៖ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រីកអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនលើការអភិវឌ្ឍកម្ពុជាផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព