Social Network

មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមការងារ សម្របសម្រួល កិច្ចប្រតិបត្តិការពិសេស នគរបាលជាតិកម្ពុជា និង FBI (TASK FORCE) នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

អគ្គរដ្ឋទូតអាមេរិក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ រវាងនគរបាលជាតិកម្ពុជា ជាមួយនឹងការិយាល័យ FBI និងភ្នាក់ងារអនុវត្តន៍ច្បាប់នានា ប្រចាំស្ថានទូតអាមេរិក ។

ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានបង្ហាញជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិកា បន្ថែមទៀតជាមួយ នគរបាលជាតិកម្ពុជា។ ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានស្វាគមន៍ វត្តមានរបស់ ឯកអគ្គរដ្ឋទូតអាមេរិក និងចាត់ទុកវត្តមាននេះ ជាការលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា និងក៏បានលើកឡើងថា បន្ទាប់ពីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយ នាយក FBI កាលពីឆ្នាំមុនរួចមក ក្រុមការងារ Task Force បានធ្វើការពេញលេញ ប្រកបដោយភាពវិជ្ជមាន។

ភាគីទាំងពីរ ក៏បានចុះសំណេះសំណាលផ្ទាល់ ជាមួយនឹងសមាជិកក្រុមការងារ ប្រតិបត្តិការ នៅបន្ទប់ធ្វើការ ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់សមាជិកក្រុមទាំងអស់ថា ពួកគាត់ គឺជាកម្លាំងចលករ យ៉ាងសំខាន់ ក្នុងការជួយការពារសន្តិសុខ របស់ប្រជាជនខ្មែរ និងអាមេរិក។

សហរដ្ឋអាមេរិក នឹងបន្តជួយទាំងធនធាន និងស្មារតី ដល់ក្រុមការងារនេះផងដែរ ព្រមទាំង ត្រៀមបង្កើតភ្នាក់ងារ ប្រឆាំងគ្រឿងញៀន DEA ប្រចាំនៅស្ថានទូតមួយទៀត នៅឆ្នាំក្រោយ ដើម្បី អាចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ទប់ស្កាត់នូវ បទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម ឆ្លងដែននានា។

អគ្គស្នងការនគរបាលជាតិ បានមានមតិលើកទឹកចិត្ត ដល់សមាជិក ក្រុមការងារទាំងអស់ ឲ្យបន្តកិច្ចខំប្រឹងប្រែង សហការល្អ ជាមួយស្ថាប័នអនុវត្តន៍ ច្បាប់សហរដ្ឋអាមេរិក និងកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក និងសូមចាត់ទុក ការបង្កើតក្រុមការងារ ជាមួយ អាមេរិកនេះ ជា គំរូល្អមួយ សម្រាប់ស្ថាប័នអនុវត្តន៍ច្បាប់ ប្រទេសដទៃ នៅកម្ពុជា ៕

ដកស្រង់ពី៖ រស្មីកម្ពុជា