Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបនឹងការចោទប្រកាន់របស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនដែលចោទថា កម្ពុជាធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

  • Print

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សមាជិកសភាមួយចំនួនតូចរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចោទប្រកាន់ថា ធ្វើឱ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

នេះបើតាមសេចក្តីថ្លែងការណ៍រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានចាត់ទុកការទាមទាររបស់សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិក ជាទង្វើខុសឆ្គង ហើយរដ្ឋសភាមានការខកចិត្តយ៉ាងខ្លាំង ចំពោះការដែលសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច បានទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំចាំបាច់ត្រូវឆ្លើយតប និងសូមទាញការចាប់អារម្មណ៍ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ពីតថភាពនៅប្រទេសកម្ពុជា និងហេតុការណ៍ពិតនៃដំណើរដ៏ឈឺចាប់ខ្លោចផ្សារ និងលំបាកលំបិនរបស់កម្ពុជា ទំរាំឈានមកដល់ដំណាក់បច្ចុប្បន្ន ដែលមានការរីកចម្រើនសេដ្ឋកិច្ច-សង្គម ក្រោមម្លប់សន្តិភាព និងស្ថិរភាព ដែលយើងប្ដេជ្ញាការពារឱ្យបានជាដាច់ខាត។

ទី១៖ ជាការពិត សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ ឆ្នាំមកហើយ។ ក៏ប៉ុន្តែ ការគ្រប់គ្រងប្រទេសរយៈពេលយូរដូចសម្តេចតេជោនាយករដ្ឋមន្ត្រី មិនមែនជារឿងដែលពុំធ្លាប់មានពីមុនមកនោះទេ ជាអាទិ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ផ្ទុយពីការអះអាងដ៏អយុត្តិធម៌ ភាពរឹងមាំក្នុងការកាន់អំណាចរបស់សម្តេចតេជោ បានមកពីការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ដែលបានបោះឆ្នោត ជាបន្តបន្ទាប់ និងការគាំទ្រការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿន និងពោរពេញដោយសមត្ថភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាពយូរអង្វែង និងវិបុលភាពកាន់តែធំធេងជូនប្រជាជនកម្ពុជា។

«គោលនយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដួលរំលំទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមនៅឆ្នាំ១៩៩៨ និងសម្រេចបានការផ្សះផ្សារជាតិ និងឯកភាពទឹកដីយ៉ាងពិតប្រាកដជាលើកដំបូង ក្នុងរយៈពេលជាង៥០០ ឆ្នាំ នៃការជ្រៀតជ្រែកពីខាងក្រៅ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដូចក្នុងទស្សវត្សរ៍ ឆ្នាំ១៩៦០ ១៩៧០ និង១៩៨០។

ទី២៖ ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី ឬយុត្តិធម៌ ជាហេតុធ្វើឱ្យគណបក្សប្រជាជនកម្ពុជា (CPP) ឈ្នះឆ្នោតរហូតនោះ គឺជាការបដិសេធទាំងស្រុងនូវការពិត។

ការបោះឆ្នោតជាសកលនៅកម្ពុជា រាប់ពីការបោះឆ្នោតលើកទីមួយឆ្នាំ១៩៩៣ ដែលត្រូវបានផ្ដួចផ្ដើមនិងរៀបចំឡើងដោយអង្គការសហប្រជាជាតិ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាទូទៅថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី និងយុត្តិធម៌។ តួយ៉ាង ការបោះឆ្នោតនៅឆ្នាំ១៩៩៨ ត្រូវបានប្រធានក្រុមអ្នកសង្កេតការណ៍សហរដ្ឋអាមេរិក អតីតសមាជិកសភា លោក ស្ទីហ្វិន ជេ. សូឡាស៍ (Stephen J. Solarz) ពណ៌នាថាជា «អព្ភូតហេតុដ៏អស្ចារ្យនៃដងទន្លេមេគង្គ»។

ការបោះឆ្នោតនៅឆ្នាំ២០១៣ ត្រូវបានចាត់ទុកថាមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវបំផុត ដោយគណបក្សប្រឆាំងបានកើន ២៦ អាសនៈ ហើយគណបក្សកាន់អំណាចបានបាត់បង់២៣ អាសនៈ។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ទទួលយកលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយបញ្ជាក់ថា ការបោះឆ្នោតនេះមានសណ្ដាប់ធ្នាប់ ពុំមានអំពើហិង្សា និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបន្តអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការបដិសេធមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតកន្លងមកនៅក្នុងប្រទេសកម្ពុជា គឺជាការមើលងាយឆន្ទៈរបស់អ្នកបោះឆ្នោតកម្ពុជា។

ការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន ២០ បានប្រព្រឹត្តទៅដោយពុំមានអំពើហិង្សា មានសណ្ដាប់ធ្នាប់ សេរីនិងយុត្តិធម៌ ដោយមានអ្នកចូលរួមបោះឆ្នោតរហូតដល់ជាង ៨៣% នៃអ្នកបានចុះឈ្មោះ ទោះបីជាមានការអំពាវនាវរបស់ក្រុមប្រឆាំងឱ្យធ្វើពហិកាការបោះឆ្នោតយ៉ាងណាក៏ដោយ។

តួលេខនេះមិនត្រឹមតែបង្ហាញពីក្តីប្រាថ្នាជារួមរបស់ប្រជាជនកម្ពុជាដែលចង់ឃើញ និរន្តរភាពរបស់ប្រទេសជាតិស្ថិតលើមាគ៌ាអភិវឌ្ឍន៍ សន្តិភាព ស្ថិរភាព និងប្រជាធិបតេយ្យ ក្រោមនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញជាថ្មីពីទំនុកចិត្តរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សកាន់អំណាចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាន និងលើកកម្ពស់គោលដៅទាំងអស់នេះ។

ទី៣៖ ការរំលាយគណបក្សប្រឆាំង និងវិធានការផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំគណបក្សនេះរួមមាន សម រង្ស៊ី និង កឹម សុខា ត្រូវបានអនុវត្តចំពោះសកម្មភាពឃុបឃិតគ្នាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរត្រូវផ្តន្ទាទោសតាមច្បាប់កម្ពុជា ហើយដែលក៏មិនខុសពីច្បាប់របស់ប្រទេសដទៃជាច្រើននៅលើពិភពលោកឡើយ។

វាជាការចាំបាច់ ដែលត្រូវចាត់វិធានការផ្លូវច្បាប់ទាំងអស់នេះ ដើម្បីលើកកម្ពស់នីតិរដ្ឋ និងទប់ស្កាត់ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដូចជាការញុះញង់ឱ្យមានកុប្បកម្មសាធារណៈ ការរើសអើងជាតិសាសន៍ តាមរយៈការប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

ទី៤៖ អំពីសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី៖ គួរសម្គាល់ថា ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមបានយ៉ាងទូលំទូលាយ ដោយគ្មានការរឹតត្បិតនោះទេ។

ទោះបីជាកម្ពុជា នៅជាប្រទេសកំពុងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យយ៉ាងណាកី្ត តែកម្ពុជាមានបណ្តាញផ្សព្វផ្សាយព័ត៌មានរាប់រយ ដែលប្រតិបត្តិការដោយសេរីស្របតាមច្បាប់។

បណ្តាញទូរទស្សន៍ និងវិទ្យុបរទេស រួមមាន ស៊ីអ៊ិនអ៊ិន (CNN) ស្កាយញូវស៍ (Skynews) វិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) អាចទស្សនា និងស្ដាប់សំឡេងបាននៅទូទាំងប្រទេស។

លើសពីនេះទៅទៀត កម្ពុជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការគាំទ្រ ការការពារ និងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលធានាឯករាជ្យភាពសារព័ត៌មាន ដោយពុំមានការត្រួតពិនិត្យជាមុន និងសិទ្ធិរក្សាការសម្ងាត់នៃប្រភពព័ត៌មាន។

ទោះយ៉ាងណាក្ដី សេរីភាពក្នុងការបញ្ចេញមតិមិនមែនជាការផ្តល់សេរីភាពគ្មានព្រំដែន ឱ្យវាយប្រហារដល់សេចកី្តថ្លៃថ្នូរ និងសុច្ចរិតភាពរបស់អ្នកដទៃ ធ្វើឱ្យមាន ការបែកបាក់និងចលាចលក្នុងសង្គម ដែលបង្កគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក៏ដូចជាសន្តិសុខជាតិ។

ការជជែកដេញដោលផ្នែកនយោបាយ និងការធ្វើអត្ថាធិប្បាយស្ដីពីកិច្ចការសាធារណៈ ដោយប្រើពាក្យជេរប្រមាថ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ អំពាវនាវឱ្យមានការបះបោរប្រឆាំង រាជរដ្ឋាភិបាលដែលត្រូវបានជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាអាក្រក់ មិនមែនជាការត្រឹមត្រូវទេសម្រាប់សេរីភាព បញ្ចេញមតិ និងការនិយាយស្របច្បាប់។

បើបណ្ដោយឱ្យទង្វើអស់ទាំងនេះកើតមានឡើងដោយពុំមានការត្រួតពិនិត្យនោះទេ វានឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ស្ថានភាពច្បាប់ និងសណ្ដាប់ធ្នាប់។

ហេតុដូច្នេះហើយ ជាការចាំបាច់ត្រូវតែមានវិធានការមួយចំនួនប្រឆាំងនឹងទង្វើបំពានបែបនេះ ស្របតាមសេចកី្តចែងក្នុងច្បាប់ជាធរមាន ដើម្បីការពារសិទ្ធិពលរដ្ឋគ្រប់រូប ឱ្យមានជីវភាពរស់នៅ ដោយគ្មានការភ័យខ្លាច ការស្អប់ខ្ពើម និងការរើសអើង។

មតិរបស់ពលរដ្ឋដែលគោរពច្បាប់ ត្រូវតែទទួលបានការយកចិត្តទុកដាក់ និងគាំពារ។ ជនដែលត្រូវបានចាប់ខ្លួន និងប្រឈមនឹងវិធានការច្បាប់ គឺដោយសារតែពួកគេបានបំពានបទប្បញ្ញត្តិច្បាប់រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូចនេះ វិធានការដាក់ចេញកន្លងមក មិនគួរត្រូវបានបកស្រាយថា ជាការបង្ក្រាបលើសេរីភាពបញ្ចេញមតិនោះទេ។

ទី៥៖ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី «ចេញមួយ វាយមួយ» មិនគួរត្រូវបានបំភ្លៃថា ឆន្ទៈចង់បង្ក្រាបសេរីភាពក្នុងការបញ្ចេញមតិនោះទេ។

ការលើកឡើងរបស់សម្ដេច គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ ក្នុងការការពារប្រឆាំងនឹងសកម្មភាពដែលអាចនឹងបង្កអន្តរាយដល់សណ្តាប់ធ្នាប់សង្គម សន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលកម្ពុជាទទួលបានដោយលំបាក។

ទី៦៖ ដូចដែលមានលើកឡើងនៅក្នុងលិខិតរបស់ខ្លួន សមាជិកសភាសហរដ្ឋអាមេរិកទាំងនោះបាននិយាយយោងលើការពណ៌នាជាអវិជ្ជមានរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) ជាអង្គការដែលមានបញ្ហាពាក់ព័ន្ធនឹងសច្ចភាព ហើយដែលកាលពីឆ្នាំ ២០០៤ ត្រូវបានអតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពពីររូប ព្រមទាំង បញ្ញវ័ន្ត ជាង ១០០ នាក់ធ្វើលិខិតចំហចោទជាសំណួររិះគន់ដល់អង្គការនេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សត្រូវបានមជ្ឈដ្ឋានជាច្រើនថ្កោលទោសជាយូរមកហើយ ចំពោះភាពលំអៀង និងការអនុវត្តស្តង់ដារពីរលើបទដ្ឋានសិទ្ធិមនុស្ស ដោយអង្គការនេះពឹងផ្អែកតែទៅលើប្រភពព័ត៌មាន ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដែលគ្មានភាពអព្យាក្រឹត និងឯករាជ្យទាល់តែសោះ។

ប្រតិកម្មចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ តាមធាតុពិតជាក់ស្ដែង មិនមែននិយាយអំពីគុណតម្លៃសិទ្ធិមនុស្សនោះទេ បើពិនិត្យមើលពីការប្រកាន់ជំហរខុសគ្នាសម្រាប់ប្រទេសជាច្រើនទៀត លើបញ្ហាដូចគ្នាស្តីពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសេរីភាពជាមូលដ្ឋាន។

ទី៧៖ ជាការមិនអាចចៀសរួចដែលអាទិភាពនៃបញ្ហាសិទ្ធិមនុស្សត្រូវបានកំណត់ទៅតាមទស្សនៈនៃ បរិបទខុសៗគ្នារបស់ប្រទេសនីមួយៗ។ ចំពោះកម្ពុជា ការលើកកម្ពស់សិទ្ធិមនុស្សត្រូវបានចែងយ៉ាងច្បាស់ជារបៀបវារៈសំខាន់របស់រាជរដ្ឋាភិបាល។

ជាបឋម និងសំខាន់បំផុតនោះ គឺសន្តិភាព ស្ថិរភាព ដែលបានធានាដល់ការវិវឌ្ឍឈានឡើងជាលំដាប់របស់ប្រជាជនកម្ពុជា ឆ្ពោះទៅរកការទទួលបាននូវសិទ្ធិសេរីភាពរស់នៅប្រកបដោយជីវភាពល្អបរិបូណ៌ ហើយទន្ទឹមនឹងនេះក៏ផ្ដល់លទ្ធភាពឱ្យប្រជាជនអាចអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនបានយ៉ាងពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាពផងដែរ។

ដោយបានផ្តល់សច្ចាប័នលើលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗស្ទើរតែទាំងអស់ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងនីតិរដ្ឋ ក៏ដូចជាការថែរក្សាសន្តិភាពដែលយើងដណ្តើមបានដោយលំបាក និងការការពារមិនឱ្យសោកនាដកម្មពីអតីតកាលកើតមានជាថី្មម្តងទៀត៕

ដកស្រង់ពី៖ Fresh News