Social Network

រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពង្រីក​កំពង់​ផែ​កុងតឺន័រ​ជម្រៅ​១៧​ម៉ែត្រ​នៅ​ព្រះ​សីហ​នុ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងក្រសួងកំពុងសិក្សាគម្រោងពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៧ម៉ែត្រ នៅព្រះសីហនុ សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែង ក្នុងពិធីអញ្ជើញធ្វើបាឋកថា តាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងសិក្សាពង្រីកកំពង់ផែកុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចតបានសំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ៖ «គម្រោងសិក្សាលើការពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រ នៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចតបានសំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ» ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានបន្ដថា ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍មួយនេះឲ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឲ្យកាន់តែច្រើនថែមទៀត ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗ ដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថា ក្រសួងមិនទទួលយកផ្លូវធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោល គឺត្រូវធ្វើផ្លូវឲ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងវិស័យភ័ស្តុភារកម្មនៅក្នុងតំបន់ និងពិភពលោកដោយហេតុថា ៖ កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលឋិតនៅចំចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ាន ។

ជាងនេះទៀត បច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ដើម្បីការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការក៏បានបញ្ជាក់ថា ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បីទប់ស្កាត់កា រដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបានធ្វើយុទ្ធនាការដើម្បីទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។

ទាក់ទងនឹងវិស័យដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងបានប្រើប្រាស់យន្តការព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈដូចជា ៖

ការចុះបញ្ជីយានជំនិះ ការប្ដូរ និងពន្យារបណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការប្រឡងយកបណ្ណបើកបរតាមអនឡាញក៏ដូចជា បង្កើតកម្មវិធីព័ត៌មានវិទ្យានានាឱ្យស្របតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យារបស់សកលលោក ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឲ្យដឹងទៀតថា ក្រសួងនឹងដាក់ឲ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ

និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឲ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេ មេគង្គបានដោយកម្ពុជាខ្លួនឯងផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព