Social Network

អ្នក​ឧ​បត្ត​ម្ភ គាំទ្រ​ក្នុង​ការ​ផលិតដល់មនុស្សជំនាន់ក្រោយ

រាជធានីភ្នំពេញ ៖ សៀវភៅដែលមានចំណងជើងថា «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» (ចេញផ្សាយលើកទី២ ឆ្នាំ២០២១) កំពុងធ្វើការផ្សព្វផ្សាយលក់ ប៉ុន្តែដោយសាថវិកា និងបញ្ហាផ្នែកហិរញ្ញវត្ថុ ដូចនេះទាល់តែមានការកុម្ម៉ង់ទិញ ទើបខាងមូលនិធិកេរដំណែលខ្មែរ អាចព្រីនសៀវភៅជូន (Book print in order) បងប្អូនដែលមានចំណាប់អារម្មណ៍បាន។

តើមានរឿងរ៉ាវអ្វីខ្លះ ដែលបានកើតឡើងនៅក្នុងសតវត្សរ៍ទី១០ នៅក្នុងប្រវត្តិសាស្ត្រ? តើព្រះបាទជ័យវ័យវរ្ម័នតី៤ជានរណា? ហេតុអ្វីបានជាព្រះអង្គសម្រេចព្រះទ័យយាងចេញពីរាជធានីអង្គរទៅកាន់តំបន់កោះកេរ ? នៅក្នុងសៀវភៅ «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» នឹងបង្ហាញចំលើយទាំងនេះ។

ឆ្លើយតបជាមួយសារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ តាមរយៈបណ្តាញសង្គម Facebook លោកបណ្ឌិត ចិន្ត ច័ន្ទរតនា គឺជាអ្នកនិពន្ធសៀវភៅ «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤»

បានថ្លែងថា «ខ្ញុំចំណាយពេលសិក្សាស្រាវជ្រាវប្រមូលឯកសារតាំងពីឆ្នាំ២០០២ ចប់បណ្ឌិត ចុងឆ្នាំ២០១១ បោះពុម្ពសៀវភៅជាភាសាបារាំងនៅឆ្នាំ២០១២ តែសៀវភៅជាភាសាខ្មែរ ត្រូវកែសម្រួល និងបញ្ចូលទិន្នន័យស្រាវជ្រាវថ្មីជាច្រើនទៀត ទើបនៅឆ្នាំ២០២០ ខ្ញុំចេញផ្សាយលើកទី១ ហើយនៅឆ្នាំ២០២១នេះ ខ្ញុំចេញផ្សាយលើកទី២

ដែលកែសម្រួលអត្ថបទខ្លះ និងបន្ថែមព័ត៌មានមួយចំនួនទៀតទើបនៅឆ្នាំ២០២០ ខ្ញុំចេញផ្សាយលើកទី១ នៅលើកទី១ មានការគាំទ្រគួរសម តែសម័យកាលកូវីដ ហេតុនេះហើយ ការលក់ក៏មិនសូវបានច្រើនដែរ ទើបយើងយកយុទ្ធសាស្ត្រ ព្រីន ពេលមានការកុម្ម៉ង់ (print in order) សម្រាប់លើកទី២ ខ្ញុំគិតថាអាចមានអ្នកគាំទ្របានច្រើន ព្រោះអីកោះកេរ មានគេចាប់អារម្មណ៍ច្រើន ហើយគ្មានអ្នកណាសរសេរឡើយ នេះជាការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ academic research អញ្ចឹងហើយទើបប្រើពេលយូរក្នុងការសរសេរ»។

សូមជម្រាបជូនថា បច្ចុប្បន្នលោកបណ្ឌិតកំពុងធ្វើការ និងសិក្សាបន្តនៅក្រៅប្រទេស ហើយលោកក៏ជាអ្នកស្រាវជ្រាវ និងជាប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ ដែលធ្វើកិច្ចការលើការងារស្រាវជ្រាវផ្នែក បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍។

« ខ្ញុំមកធ្វើការ និងសិក្សាបន្តនៅទីនេះ ដោយសារខ្ញុំចប់បណ្ឌិតនៅប្រទេសបារាំង ហើយប្រធានបទស្រាវជ្រាវថ្នាក់បណ្ឌិតនោះគឺ កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤ នេះឯង»។

លោកបណ្ឌិតបានបន្តថា «ខ្ញុំមានបំណងស្វែងរកការឧបត្ថម្ភ ដើម្បីបោះពុម្ពចែកតាមបណ្ណាល័យ នៅតាមសាលាទូទាំងប្រទេស ប៉ុន្តែវាហាក់ដូចជាមិនទាន់សង្ឃឹមសោះ ក៏ព្រោះថាយើងជាអ្នកស្រាវជ្រាវគ្មានលទ្ធភាពបោះពុម្ព ដើម្បីចែកជូន Free ឡើយ ។

តែចិត្តចង់អោយក្មេងៗជំនាន់ក្រោយបានអាន និងចែករំលែកអោយបានទូលំទូលាយផងដែរ ។

ណាមួយរាជរដ្ឋាភិបាលកំពុងដាក់ឯកសារស្នើកោះកេរ ទៅក្នុងអង្គការយូណេស្កូដែរ ដើម្បីចុះបញ្ជី បេតិកភណ្ឌពិភពលោក អញ្ចឹងសៀវភៅនេះ នឹងក្លាយជាឯកសារសំខាន់សម្រាប់កូនខ្មែរគ្រប់រូប ដែលចង់ស្វែងយកពីកោះកេរ និងព្រះបាទជ័យវរុ័នទី៤»។

លោកបន្ថែមថា «សៀវភៅនេះផងដែរ ខ្ញុំផ្តោតលើប្រវត្តិសាស្ត្រ សង្គម មន្ត្រី សាសនា សិល្បៈ ស្ថាបត្យកម្ម និងជាពិសេសប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤ តែម្តង ខ្ញុំគិតថា បច្ចុប្បន្នយុវជនជំនាន់ក្រោយ គួរតែសិក្សាអំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនអោយបានច្បាស់ មុននឹងយើងជជែក ឬជឿលើការពិភាក្សាលើបញ្ហាអ្វីមួយ ដោយគ្រាន់តែលឺគេថាតាមគ្នា

ព្រោះការសិក្សាប្រវត្តិសាស្ត្រពិតរបស់ខ្លួន គឺមានសារៈសំខាន់ណាស់ ដើម្បីអោយយើងដឹងអំពី រឿងរ៉ាវ និងបញ្ហាដែលបានកើតឡើង ហើយជៀសវាងកុំឱ្យកំហុសនៅក្នុងប្រវត្តិសាស្ត្រទាំងនោះកើតឡើងច្រំដែលៗ

នៅលើទឹកដីយើងទៀតហេតុនេះហើយ យើងត្រូវស្រឡាញ់ និងយកចិត្តទុកដាក់ ចំពោះការសិក្សាលើប្រវត្តិសាស្ត្រ និងបុរាណវិទ្យាអោយបានច្រើន ដើម្បីអោយយើងបានដឹងអំពីរឿងរ៉ាវ ដែលបានកើតឡើងកាលពីអតីតកាល»។

សូមជម្រាបជូនបន្ថែមថា ក្នុងអាជីព និងបទពិសោធន៍ការងារនៅឆ្នាំ២០០៨ លោកបានបង្កើតទស្សនាវដ្តី «កេរដំណែលខ្មែរ» ដែលធ្វើការងារលើការងារស្រាវជ្រាវផ្នែកវប្បធម៌ បុរាណវិទ្យា និងប្រវត្តិសិល្បៈនៅកម្ពុជា ។

លោកធ្លាប់ធ្វើការជា «ទីប្រឹក្សា» (ផ្នែកវប្បធម៌ និង ប្រវត្តិសាស្ត្រ) សម្រាប់ខ្សែភាពយន្ត រឿង «ហ្លួងព្រះស្តេចកន» និងធ្លាប់ជាអ្នកជំនាញថ្នាក់ជាតិ(លើផ្នែកវប្បធម៌ និងបុរាណវិទ្យា) សម្រាប់វិទ្យាស្ថានស្លឹករឹតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាមគ្គុទេសក័ថ្នាក់ជាតិ សម្រាប់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទូទាំងប្រទេសកម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះ លោកគឺជាកូនខ្មែរដំបូងគេដែលបានចូលរួមការងារជា «ទីប្រឹក្សាផ្នែកវប្បធម៌ និងការច្នៃប្រឌិត» នៅក្នុងក្រុមហ៊ុនផលិតខ្សែភាពយន្តលំដាប់ពិភពលោក Walt Disney របស់សហរដ្ឋអាមេរិក សម្រាប់រឿង «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ – Raya and the last dragon» ដែលនឹងចាក់បញ្ចាំងនៅដើមខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

ជាកូនប្រុសដែលកើតនៅក្នុងត្រកូលអ្នកសិល្បៈ និងមានឈាមជ័រអ្នកវប្បធម៌ លោកបានតស៊ូព្យាយាមរៀនសូត្ររហូតសម្រេចគោលដៅរបស់ខ្លួន និងបានចូលរួមក្នុងគម្រោងស្រាវជ្រាវជាច្រើនដែលពាក់ព័ន្ធនឹងផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណៈជនជាតិ និងអន្តរជាតិ តាមរយៈការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលា សន្និសីទអំពីការងារស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិផងដែរ។

នៅឆ្នាំ២០១៩ លោកត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងជា «ទីប្រឹក្សា» នៃក្រសួងព័ត៌មាន(ឋានៈស្មើ អនុរដ្ឋលេខាធិការ)។

សៀវភៅនេះមានតម្លៃ៖ ៦ម៉ឺនរៀល (១៥ដុល្លាអាមេរិក) និងមាន ១៩៨ ទំព័រ ។ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទនេះបាន ៖ 011555787 ៕

ដកស្រង់ពី៖ កោះសន្តិភាព