Social Network

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ព្រមាន​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​មាស រុង ឈិ​ន នៅ​មណ្ឌលគិរី

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានព្រមានលុបអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនរ៉ែមាស រុង ឈិន ដែលទីតាំងនៅខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមហ៊ុននេះមិនធ្វើសកម្មភាពអស់រយៈពេលជិត១០ឆ្នាំមកហើយ ។

យោងតាមបណ្តាញសង្គម របស់ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំអាជ្ញាធរខេត្តមណ្ឌលគិរីចុះត្រួតពិនិត្យ ទីតាំង ក្រុមហ៊ុនធ្វើរ៉ែមាស រុង ឈិន ដែលមិនមានសង្វាក់ផលិតកម្មក្រោយទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំ ។

ប្រភពបន្តថា កាលពីសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រី ស៊ុយ សែម បានធ្វើការព្រមានដល់ក្រុមហ៊ុនថា បើត្រឹមដំណាច់ឆ្នាំ២០២១ មិនមានសកម្មភាពប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រសួងនឹងលុប អាជ្ញាប័ណ្ណក្រុមហ៊ុន នឹងដាក់ដេញថ្លៃបន្តឱ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ។

ឯកឧត្តម រដ្ឋមន្ត្រីបានព្រមានបែបនេះ ក្រោយក្រសួងរ៉ែនឹងថាមពល បានសម្រេច អនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុនខាងលើអស់រយៈពេល ១០ឆ្នាំទៅហើយ ប៉ុន្តែក្រុមហ៊ុន នៅតែមិនមានដំណើរការ អាជីវកម្មរ៉ែមាស ដូច្នេះបើនៅតែបន្តអាជ្ញាប័ណ្ណនាំតែខាតពេល ។

នៅក្នុងកិច្ចប្រជុំនាថ្ងៃដដែលនោះ ឯកឧត្តម ស៊ុយ សែម បានសម្រេច បន្តអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនម្តងទៀត ប៉ុន្តែត្រូវមានលក្ខខណ្ឌធ្វើប្រតិបត្តិការអាជីវកម្ម ដោយចាប់ផ្ដើមពីពេលនេះតទៅ បើនៅក្នុងអំឡុង ចុងឆ្នាំ ២០២១ មិនមានការផលិតមាសតាមការគ្រោងទុកនឹងដកយកអាជ្ញាប័ណ្ណមកវិញ ។

បញ្ហាខាងលើនេះ តំណាងក្រុមហ៊ុន រុង ឈិន បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានសាងទីតាំងក្រុមហ៊ុននេះពីក្រុមហ៊ុនចាស់ ដែលជាម្ចាស់អាជ្ញាប័ណ្ណ

ដូច្នេះហើយទើបធ្វើឲ្យសង្វាក់ផលិតកម្មមានភាពរអាក់រអួលជាងនេះ ទៀតសោត ក្រោយពីក្រុមហ៊ុនទទួលការងារបន្តពីម្ចាស់ដើមអាជ្ញាប័ណ្ណនៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហា covid 19 ដែលបានបណ្ដាលឱ្យក្រុមអ្នកជំនាញនៅឯប្រទេសចិនមិនអាចធ្វើដំណើរមកបំពេញការងារឲ្យក្រុមហ៊ុន បាន ។

ជុំវិញការលើកឡើងរបស់ក្រុមហ៊ុនខាងលើឯកឧត្តម ស៊ុយ សែម បានដាក់ចេញនូវដំណោះស្រាយឲ្យក្រុមហ៊ុនមានភាពងាយស្រួលក្នុងការយកអ្នកបច្ចេកទេសពីប្រទេសចិនមកបំពេញការងារ និងសម្រេចបន្តសុពលភាព អាជ្ញាប័ណ្ណ

ដើម្បីឲ្យក្រុមហ៊ុនអាចសាកល្បងអាជីវកម្មរបស់ខ្លួនបាន ៕

ដកស្រង់ពី៖ កោះសន្តិភាព