Social Network

រដ្ឋាភិបាល ​និង​មន្ត្រី​ទូត​មិន​អាច​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ និង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​ឡើយ

រាជធានីភ្នំពេញ ៖ ការជាបញ្ជាក់ជាថ្មីទាំងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានអះអាងថា រដ្ឋាភិបាល និងមន្ត្រីទូតមិនអាចផ្តល់សុពលភាពលើលិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋាការឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលស្រុកឡើយ ។

ការលើកឡើងរបស់អ្នកនាំពាក្យខាងលើធ្វើឡើង ខណៈពេលដែលអតីតប្រតិភូនៃអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយ លោកស្រី មូរ សុខហួរ គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនាថ្ងៃខានស្អែក

ចំថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នេះ ខណៈដែលលោកស្រី និងអតីតមន្ត្រីនៃអតីតបក្សប្រឆាំងជាច្រើនរូបផ្សេងទៀតក៏កំពុងរងបណ្ដឹងរុំខ្លួននៅក្នុងតុលាការកម្ពុជាផងដែរ ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានរបស់កោះសន្តិភាពជុំវិញ រឿងរ៉ាវដែលវិទ្យុអាស៊ីសេរី ស្រង់សម្តីឯកឧត្តម ផៃ ស៊ីផាន ថា រដ្ឋាភិបាលប្រកាន់ជំហរមិនផ្តល់ទិដ្ឋាការឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលស្រុកឡើយ ឯកឧត្តមបញ្ជាក់ថា តាំងពីដើមមកពួកគេមិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ឡើយ ។

ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានស្រង់សម្តីថា «គេមាននីតិវិធីគេត្រូវធ្វើ ព្រោះទី១ គាត់អត់ទទួលស្គាល់រដ្ឋាភិបាលពីអង្កាល់ គាត់មិនដែលទទួលស្គាល់ផង ហើយមិនត្រឹមតែមិនទទួលស្គាល់ទេ គាត់រៀបចំឲ្យមាន សកម្មភាពក្នុងការធ្វើឲ្យមានរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ការឲ្យកងកម្លាំងប្រដាប់អាវុធហ្នឹង បែរកាណុងទៅនាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោត។

ករណីទាំងអស់នេះហើយដែលគាត់ ត្រូវដោះស្រាយផ្ទាល់ខ្លួនរបស់គាត់»។ នៅពេលសាកសួរបញ្ជាក់បន្ថែមលើចំណុចនេះ ឯកឧត្តម ផៃ ស៊ីផាន នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ជំហរបែបនេះពិតប្រាកដមែន ហើយឯកឧត្តមក៏បានអះអាងថាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានបញ្ជាក់រឿងនេះផងដែរ ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់នូវហេតុផលមួយជុំវិញរឿងនេះដល់ចំនួនដល់មន្ត្រីទូតយ៉ាងដូច្នេះថា «ខ្ញុំ សម្រាប់មន្ត្រីការទូតថ្មី អំពីតួនាទីអង្គតុលាការនិងអង្គទូត ក្នុងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន៖

១. អង្គតុលាការ មានភារកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ដែលមានជាធរមាន ដូចជាការចេញដីការ ដំណើរការនីតិវិធីស៊ើបអង្កេតនិងស៊ើបសួរ រួមទាំងដំណើរការសវនាការជាដើម។ល។ ចំពោះបទល្មើសដែលបានប្រព្រឹត្តលើទឹកដីកម្ពុជា ឬពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ។

២. ចំណែកអង្គទូត មានភារកិច្ចធ្វើកិច្ចសហការជាមួយរដ្ឋម្ចាស់ផ្ទះដែលជនល្មើសគេចខ្លួនឬស្នាក់នៅ តាមគ្រប់មធ្យោបាយនិងកិច្ចព្រមព្រៀងដែលមានជាធរមាន ដើម្បីចាប់បញ្ជូនជនល្មើសនោះតាមដីការបង្គាប់ឱ្យចាប់ខ្លួន មកទទួលទោសតាមនីតិវិធីច្បាប់នៅកម្ពុជាវិញ មិនមែនត្រូវចេញទិដ្ឋាការ ឬសុពលភាពលិខិតឆ្លងដែនជូនជនល្មើសនិងអ្នកដែលមានដីការបង្គាប់ឱ្យចាប់ខ្លួនទាំងនោះ ដូចពលរដ្ឋធម្មតាដ៏ទៃទៀតនោះទេ» ។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា «៣. ការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស និងអ្នកដែលមានដីការបង្គាប់ឱ្យចាប់ខ្លួន

គឺជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែលអនុវត្តជាទូទៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅរារាំងនិងទប់ស្កាត់ជនល្មើសទាំងនោះកុំឱ្យមានលទ្ធភាពរត់គេចខ្លួនបានពីប្រទេសមួយទៅប្រទេសមួយទៀត

និងដើម្បីអាចចាប់ខ្លួននិងឃាត់ខ្លួនជនល្មើសទាំងនោះយកមកអនុវត្តទោសតាមនីតិវិធីច្បាប់នៅប្រទេសសមីដែលស្នើសុំវិញបាន។ រីករាយថ្ងៃសម្រាកចុងសប្តាហ៍មិត្តទាំងអស់គ្នា!» ។

ងាកទៅលោកស្រី មូរ សុខហួរ វិញ គឺលោកស្រីជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៣៩នាក់ ដែលត្រូវក្រសួងការបរទេសនិងអន្តរជាតិកម្ពុជាធ្វើមោឃភាពលិខិតឆ្លងដែនខ្មែររបស់ពួកគេកាលពីចុងឆ្នាំ២០១៩ ។

ក៏ប៉ុន្តែ លោកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិកាំង កំពុងពឹងលើលិខិតឆ្លងដែនអាមេរិកាំង ដើម្បីធ្វើដំណើរមកកម្ពុជាតាមអ្វីដែលលោកស្រីអះអាង ។

លោកស្រី មូរ សុខហួរ បើទោះបីជាទំនងនឹងមិនអាចចូលប្រទេសកម្ពុជាវិញនោះ នៅបន្តផ្ញើសារដើមសប្តាហ៍នេះ ថាលោកស្រីនឹងរកគ្រប់មធ្យោបាយវិលមកកម្ពុជាវិញ រហូតលោកស្រីនិងអតីតមន្ត្រីផ្សេងទៀតក៏បានទៅចូលរួមធ្វើ ពិធីប្រោះព្រហ្ម នៅវត្តព្រះពុទ្ធមួយនៅក្រៅប្រទេស

«ដើម្បីជូនដំណើរប្រតិភូគណបក្សសង្គ្រោះជាតិ ទៅតតាំងជាមួយប្រពន្ធ័យុត្តិធម៌នៅកម្ពុជា» ។ យ៉ាងណាមិញ គម្រោងមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ ដែលដំបូងគ្រោងថានឹងវិលមកកម្ពុជានៅថ្ងៃទី៤ ខែមករានេះ ក៏ត្រូវបានលើកពេលទៅថ្ងៃទី១៥ ខែមករាវិញ (ថ្ងៃចេញពីសហរដ្ឋអាមេរិក)

ដោយលោកស្រីយកហេតុផលថា «មានការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ Eva Air» ដែលកាលនោះលោកស្រី មូរ សុខហួរ បានបង្ហោះកាលវិភាគហោះហើរនៃក្រុមហ៊ុន Singapore Airline ចាកចេញពីទីក្រុង Los Angelesសហរដ្ឋអាមេរិក ចូលមកប្ដូរជើងយន្តហោះនៅសិង្ហបុរី មុននឹងបន្តដំណើរដល់ភ្នំពេញនៅរង្វង់ម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមករា។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានអះអាងថា លោកស្រី មូរ សុខហួរ និងអតីតមន្ត្រីនៃអតីតបក្សប្រឆាំងតែងតែបោកប្រាស់អ្នកគាំទ្របែបនេះ ជុំវិញការអះអាងម្តងហើយម្តងទៀតក្នុងគម្រោងវិលចូលប្រទេសកម្ពុជានោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព