Social Network

សាលារាជធានីភ្នំពេញ និង OCIC សិក្សាដាក់សាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា ដើម្បីរំដោះចរាចរណ៍

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ និងក្វិនិយោគទុន អាណិកជន កម្ពុជា OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ បានសិក្សាដាក់ឱ្យដំណើរការបណ្តោះអាសន្នសាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ដើម្បីរៀបចំដាក់ឲ្យដំណើរការសាឡាងនេះ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំដាក់ឲ្យមានសាឡាងឆ្លងយានយន្តជាបណ្ដោះអាសន្នចេញពីកោះនរា ទៅកោះពេជ្រ ហើយក៏គ្រោងសាងសង់ស្ពាន១ទៀត នៅចំណុកព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ សាលារាជធានីបានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីដីកោះនរា ដាក់សាឡាង ឆ្លងទៅកោះពេជ្រ។

បន្ថែមលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូង ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ផង និងផ្លូវជាតិលេខ២ផង»។

គម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។

ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ៕

ដកស្រង់ពី៖ Fresh News