Social Network

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឡាវ ពិភាក្សាពីការពង្រីកទំហំពាណិជ្ជកម្ម

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តឡាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ឡាវ-វៀតណាម CLV DTA JCC លើកទី១៣ ឱ្យបានឆាប់តាមប្រព័ន្ធវីដេអូសំដៅពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការស្របតាមអនុសាសន៍ណែនាំ និងការប្តេជ្ញាចិត្តរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសទាំងបី ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV DTA លើកទី១១ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

ដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មវិញ លោក ប៉ាន សូរស័ក្តិ ជំរុញឱ្យគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវបើកកិច្ចប្រជុំឡើងវិញ ដើម្បីពង្រឹងពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីទាំងពីររៀបចំការផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមយន្តការប្រព័ន្ធវីដេអូ ឬរៀបចំបន្ទាប់ពីរោគរាតត្បាត Covid-19 បានបញ្ចប់។

ជាការឆ្លើយតបលោកអគ្គរដ្ឋទូតឡាវ បានគូសបញ្ជាក់ថា លោកនឹងយកអ្វីដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មលើកឡើងនេះ ទៅជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យ និងរៀបចំកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌ CLV និងទ្វេភាគីដើម្បីរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំរុញឱ្យមានកំណើនពាណិជ្ជកម្មកាន់តែខ្លាំងឡើង។

ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសហការនៅក្នុងក្របខណ្ឌអាស៊ានក៏ដូចជាទ្វេភាគី ដើម្បីរួមគ្នាត្រួតពិនិត្យ និងទប់ស្កាត់ការចំលងការរីករាលដាលនៃជំងឺ Covid-19 តាមច្រកព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕

ដកស្រង់ពី៖ Fresh News