Social Network

ស្ពៃក្តោប​ធ្លាក់​ថ្លៃ ដល់​៤០០​រៀល​១​គីឡូ អ្នក​ដាំ​អំពាវនាវ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង

រាជធានីភ្នំពេញ ៖ កសិករប្រកបរបរដាំស្ពៃក្តោប បានសម្តែងការអស់សង្ឃឹមក្នុងរដូវកាលកំពុងប្រមូលផលដំណាំ ខណៈតម្លៃស្ពៃក្តោបធ្លាក់ចុះយ៉ាងគំហុក មកដល់៤០០រៀល ក្នុងគីឡូក្រាម ទោះបីមានទីផ្សារទិញក្តី ។

អ្នកស្រី គឹម លាង អាយុជាង៥០ឆ្នាំ រស់នៅខេត្តបាត់ដំបង ស្រុកបវិល បានឲ្យដឹងថា ស្ពៃក្តោបដែលអ្នកស្រីដាំនេះ ដល់ពេលល្មមកាត់ហើយ ប៉ុន្តែតម្លៃវិញ ថោក គឺតម្លៃមួយគីឡូ តែ៤០០រៀលប៉ុណ្ណោះ ។

អ្នកស្រី បានបញ្ជាក់ថា ៖ «តម្លៃនេះ ថោកពេកហើយ តែមិនខ្វះអ្នកទិញទេ ។ មិនថាខ្ញុំ ឬប្រជាពលរដ្ឋ ដែលជាអ្នកដាំស្ពៃក្តោបនេះ មិនចំណេញនោះទេ ។ ខ្ញុំដាំអស់ដើមប្រមាណជាង៥លានរៀល បានផលប្រមាណ១៥តោន» ។

បើតាមអ្នកស្រី ដែលប្រកបរបរដាំស្ពៃក្តោប បានឲ្យដឹងថា ទីផ្សារបន្លែ ឬស្ពៃក្តោប មានអ្នកទិញជាធម្មតា ដោយអ្នកទិញ មកកាត់ម្តងៗ ប្រមាណ១០តោន ទៅ១២តោន ដើម្បីយកមកលក់ទីផ្សារនានា នៅរាជធានីភ្នំពេញ ។

អ្នកស្រីគូសបញ្ជាក់ថា ៖ «មិនខ្វះទេ អ្នកទិញ ឡានធំៗមកទិញ ពីបាត់ដំបង ប៉ុន្តែតម្លៃថោក ។

បើនិយាយពីស្ពៃក្តោប ខ្ញុំដាំនេះចាប់តាំងពីដាំដើមមក មានរយៈពេល៣ខែកន្លះ បានទទួលផល ដោយបានប្រើជីគីមីខ្លះៗ» ។

ជាមួយគ្នានោះដែរ អ្នកស្រីក៏បានឲ្យដឹងថា នៅតំបន់របស់អ្នកស្រីកំពុងរស់នៅ មានប្រជាកសិករជាច្រើន បានប្រកបរបរដាំដំណាំ ដូចជាស្ពៃក្តោប ស្ពៃជ្រក់ ម្ទេស និងដំណាំផ្សេងៗទៀត ប៉ុន្តែចុះថោកជាក់ស្តែង គឺស្ពៃក្តោប ហើយម្ទេស ក៏ចុះជាបន្តបន្ទាប់ផងដែរ ខណៈ ពេលថ្ងៃទី១៧ កុម្ពៈ កន្លងមក តម្លៃ៣ពាន់រៀល ឥឡូវចុះមក២ពាន់រៀល ឬ២៥០០រៀល ។

បើតាមអ្នកស្រីបានអះអាងថា មូលហេតុដែលបន្លែ ពិសេសស្ពៃក្តោប ចុះថោកនោះ ដោយសារការបើកឲ្យមានបន្លែចូល ពីប្រទេសជិតខាង ពិសេសនោះប្រទេសថៃ ដែលជាប់ព្រំប្រទល់នឹងខេត្តបាត់ដំបងតែម្តង ។

អ្នកស្រីសង្កត់ធ្ងន់ថា ៖ «បើសិនណា បិទច្រកព្រំដែន អាចបន្លែឡើងថ្លៃ ពីព្រោះថា បន្លែមកពីក្រៅច្រើនណាស់ ដោយដឹកទាំងតោនៗ ដឹកសុទ្ធតែរថយន្តយ៉ីឌុប ឯណោះក្មួយ ។

បិទបន្លែគេ កុំចូលមកនោះ បន្លែខ្មែរយើង បានថ្លៃហើយ ឥឡូវនេះនាំចូលច្រើនសព្វគ្រប់ រួមមាន ៖ ស្ពៃក្តោប ស្ពៃបូកគោ ក្រូចសើចជាដើម…» ។ ជាមួយគ្នានោះដែរ អ្នកស្រីតំណាងប្រជាពលរដ្ឋ ដែលប្រកបរបរដាំបន្លែ បានស្នើដល់រាជរដ្ឋាភិបាល ជួយផ្តល់តម្លៃទីផ្សារបន្លែ បើមិនដូច្នេះទេ អ្នកដាំបន្លែ ពិតជាស្លាប់ហើយ ដោយសារជំពាក់បំណុលគេ ។

អ្នកស្រី គូសបញ្ចាក់ថា ៖ «សូមជួយឲ្យបន្លែខ្មែរ ឲ្យបានថ្លៃផង! មើលអ្នកចម្ការ គ្រោះទឹកជំនន់មួយដងជាពីដង ដល់ពេលទឹកស្រក់វិញនាំគ្នាដាំ តែពេលបានផលតម្លៃថោក ។

ផ្ទុយទៅវិញ ប្រេងនិងទំនិញទិញមកប្រើក្នុងការដាំដុះ ឡើងថ្លៃធ្វើឲ្យកសិករម្នាក់ៗ មុខឡើងខ្មៅអស់ហើយ ព្រោះជំពាន់ការប្រាក់គេ (ធនធាគាឬលុយរាប់)» ។

អ្នកស្រីបន្ថែមថា កសិករម្នាក់ៗ ដាំដុះបន្លែ សុទ្ធតែយកលុយគេមកដាំ មិនមែនជាលុយខ្លួនឯងផ្ទាល់នោះទេ ។

ហេតុដូច្នេះ ធ្វើឲ្យប្រជាកសិករម្នាក់ៗ ដែលបាននាំគ្នាដាំលើផ្ទៃដីមួយហិកតា ឬ២ហិកតា ឬច្រើនជាងនេះ ត្រូវជំពាក់គេ ។

សូមជម្រាបថា កាលពីពេលកន្លងមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានលើកឡើងថា ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីកចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា”ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE ។

ឯកឧត្តម បានបញ្ជាក់ថា ASPIRE បានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផលជាបណ្តុំអាជីវកម្ម សរុបមានចំនួន១,៩២០ មានសមាជិកចំនួន ៦១,៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត ។

មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រ ទាំងបច្ចេកទេស និងសម្ភារ ដើម្បីធ្វើឲ្យបណ្តុំទាំងនោះ ប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវពីថ្នាក់ដឹកនាំ មន្ត្រីកម្មវិធី និងអ្នកពាក់ព័ន្ធសំខាន់ៗ ជាលទ្ធផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ ថ្ងៃទី១៥ ខែកុម្ភ: ASPIRE បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ចំនួន០២ ស្តីពី “ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់” ៕

ដកស្រង់ពី៖ កោះសន្តិភាព