Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ

  • Print

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០២១នេះ បានជួបប្រជុំទ្វេភាគីជាមួយ លោកឧត្ដមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី សាហាដ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ តាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដោយចាត់ទុកថា នេះគឺជាជំនួបលើកទី១ ហើយរវាងអគ្គបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ដោយកិច្ចពិភាក្សាគ្នានេះ

បានផ្លាស់ប្ដូរទស្សនៈដ៏មានសារៈសំខាន់ ក៏ដូចជាការបង្កើនភាពជិតស្និទ្ធ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរឲ្យមានការរីកចម្រើនបន្ថែម និងរួមចំណែកក្នុងការថែរក្សាស្ថិរភាព សន្តិភាព និងការរីកចម្រើនក្នុងតំបន់អាស៊ាន។

ទាក់ទិនដល់កិច្ចសហប្រតិបត្តិការទេ្វភាគី លោកឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានគូសបញ្ជាក់ថា កន្លងមកនេះ ប្រទេសព្រុយណេ បានផ្តល់នូវវគ្គសិក្សាភាសាអង់គ្លេស ជាបន្តបន្ទាប់ដល់កងទ័ពកម្ពុជា ប៉ុន្តែដោយសារការកើតឡើងនូវជំងឺឆ្លងកូវីដ-១៩ វគ្គសិក្សានេះត្រូវអាក់ខាន។

ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក្រោយបញ្ចប់ជំងឺកូវីដ១៩ រាជរដ្ឋាភិបាលព្រុយណេនឹងបានអនុញ្ញាតឲ្យមន្ត្រីកងទ័ពកម្ពុជា មកធ្វើការសិក្សាបន្តទៀត។ លោកឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានចូលរួមរាល់គំនិតផ្តួចផ្តើមទាំងអស់ របស់ព្រុយណេ ហើយព្រុយណេសូមគាំទ្រពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន (២០២១-២០២២) លើបញ្ហាដោះមីន។

អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក៏សូមកោតសរសើរផងដែរ ចំពោះកម្ពុជា នៅក្នុងការគ្រប់គ្រងការរីកដុះដាលជំងឺកូវីដ-១៩បានល្អ ដែលរហូតមកដល់ពេលនេះកម្ពុជា មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណកងទ័ពភូមិន្ទព្រុយណេ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ ដល់នាយទាហានកម្ពុជា ទៅធ្វើការបណ្តុះបណ្ដាលនៅប្រទេសព្រុយណេ

ដោយនាយឧត្ដមសេនីយ៍ បានមានជំនឿថា នៅពេលកូវីដ១៩បានបញ្ចប់ កងទ័ពប្រទេសទាំងពីរបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសការផ្លាស់ប្ដូរប្រតិភូធ្វើទស្សនកិច្ច ការចែករំលែកព័ត៌មានចារកម្ម ការរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យាជាដើម។

សូមបញ្ជាក់ថា ឆ្នាំ២០២១នេះ គឺជាឆ្នាំគម្រប់ខួបទី២៩ នៃទំនាក់ទនងការទូតកម្ពុជា ព្រុយណេ។ ប្រទេសទាំងពីរ ក្នុងកំឡុងពេលជាច្រើនឆ្នាំមកនេះ តែងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ទាំងការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ក្រៅពីទំនាក់ទំនងលើវិស័យនយោបាយការទូត ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការល្អលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម ជាពិសេសជាដៃគូរបស់ព្រុយណេក្នុងការនាំអង្ករពីកម្ពុជា ទៅទីផ្សារព្រុយណេ៕

ដកស្រង់ពី៖ Fresh News