Social Network

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលបានសម្លៀកបំពាក់ពេទ្យ ទឹកសុទ្ធ ម៉ាស់ ថ្នាំបុរាណចិន និងស្បែកជើង ពីសមាគមស្បែកជើងកម្ពុជា រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ និងកោតសរសើរដល់ឧកញ៉ា លី ឃុនថៃ ដែលជាវស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។

សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស ការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។

អំណោយនាពេលនេះរួមមាន៖

១៖ សម្លៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត

២៖ ទឹកសុទ្ធ ៣០០ កេស

៣៖ ម៉ាស ១០,០០០បន្ទះ

៤៖ ថ្នាំបុរាណចិន ៨០០ប្រអប់

៥៖ ស្បែកជើង ៥០០គូរ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកអំណោយទាំងអស់នេះមួយផ្នែកជូនដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវីផងដែរ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ។

ជាក់ស្តែង សមាគមនេះ បានបរិច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារនានា ជូនដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនានា ជាច្រើនរួចហើយដែរ៕

ដកស្រង់ពី៖ Fresh News