Social Network

មន្រ្តី​ក្រសួង​សាធារណការ​ចុះទៅ​វាយ​តម្លៃ​គុណភាព​ផ្លូវជាតិ​លេខ ៣ មុន​ប្រកាស​ទទួលដាក់​ឲ្យប្រើប្រាស់

មន្រ្តីមកពីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះទៅវាយតម្លៃគម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ដែលបញ្ចប់ស្ទើរ ១០០ ភាគរយ មុនធ្វើការប្រកាសប្រគល់ទទួល និងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន។ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃ ២១ កក្កដា ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធ។

បើតាមការឲ្យដឹងរបស់មន្រ្តីក្រសួងសាធារណការ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ ជាលទ្ធផល បន្ទាប់ពីការពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់រួចមក ឯកឧត្តមរដ្ឋលេខាធិការ

បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួន មុនធ្វើការប្រគល់-ទទួលរវាងក្រសួងនិងក្រុមហ៊ុនសាងសង់។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។

ផ្លូវនេះសាងសង់ ដោយមានសួនពុះកណ្ដាលទ្រូងផ្លូវពីចោមចៅទៅដល់បែកគូស មានបំពាក់ជញ្ជីងថ្លឹងរថយន្តទាំងក្រោមដី (High Speed) និងតាមស្ថានីយ (Low Speed) ដើម្បីការពារការដឹកលើសទម្ងន់ រួមទាំងកាមេរ៉ាចាប់ល្បឿនអ្នកបើកបរលើសល្បឿនកំណត់ ហើយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ នេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី