Social Network

លោក​ឃួ​ង ស្រេង ៖ មិន​លើកលែងទោស​មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ចែក​ប័ណ្ណ​ចាក់​សាំង​ជូន​កុមារជា​ថ្នូរ​យក​លុយ

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ ។

បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។

ការព្រមានបែបនេះ របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើង ត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ ។

បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

បន្ថែមពីលើនេះទៀត លោកឃួង ស្រេងក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វុីរឺសបំលែងថ្មី (ដែលតា ) ដែលបាននឹងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននឹងកំពុងប្រឈមនឹងវុីរឺសថ្មីនេះផងដែរ។

ជាងនេះទៀត ត្រូវបន្តពង្រឹងអោយបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវាការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ ៕

ដកស្រង់ពី៖ កោះសន្តិភាព