Social Network

សម្តេចតេជោ អំពាវនាវឲ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួនលោក​សេង សារី និងលើកទឹកចិត្តវិភាគបន្ត

រាជធានិភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី បន្ទាប់ពីស្តាប់ហេតុផលបកស្រាយរួច និងលើកទឹកចិត្តឲ្យវិភាគបន្ត ។

សម្តេចបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ថា« ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការ សម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការ វិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ថា «ជាការវិភាគបែបសេនារីយោ»

ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបានក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការ បញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី»។

ទន្ទឹមនឹងនេះ សម្តេចក៏សូមលើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម ។

ខ្ញុំក៏អំពាវនាវអោយភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភ ។

សូមជម្រាបថា កាលពីពេលកន្លងមក លោកបណ្ឌិត សេង សារីបានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា ការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចទៅរួច ឬមិនរួច? ។

លោកបណ្ឌិត ៖ ខ្ញុំសូមសាកល្បងវិភាគថា តើកម្លាំង៦ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាអាចងើបឡើងតាមការអំពាវនាវរបស់ លោក សម រង្សី ដែរឬទេ? ហើយវាអាចទៅរួចដែរឬទេ បើលោក សម រង្សី អំពាវនាវ? ។

កំលាំងដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន ៦ ធំៗរួមមានៈ

១. កំលាំងអ្នកគាំទ្រគណបក្សប្រឆាំងៈ កំលាំងមួយនេះកំពុងគ្រប់គ្រងយ៉ាងណែន គៀបសង្កត់ សម្លត់ និងកំពុងគម្រាមកំហែងយ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច ហើយមេដឹកនាំនៃកំលាំងនេះត្រូវបានបំបែកផងដែរ ។

ប៉ុន្តែកំលាំងនេះត្រូវបានគេមើលឃើញថា ជាកំលាំងស្មោះត្រង់ស្មោះត្រង់ និងមោះមុត ដូច្នេះកំលាំងនេះអាចងើបឡើងនៅពេលលោក សម រង្សី អំពាវនាវ ។

២. កំលាំងមហាជនៈ កំលាំងមហាជន សំដៅទៅលើពលរដ្ឋទូទៅដែលចង់ឲ្យមានការផ្លាស់ប្តូរ ហើយដែលរងអយុត្តិសង្គម ការំលោភបំពាន ការជិះជាន់ និងពោរពេញដោយការឈឺចាប់ ។

កំលាំងនេះ កំពុងងើបឡើងតិចតួច ដោយសារតែពួកគេទាល់តែប៉ះសាច់ខ្លួនឯងបានឈឺ ហើយងើបតវ៉ា ដូច្នេះកំលាំងអាចងើបឡើង លុះត្រាតែទំហំអយុត្តិធម៌សង្គម និងវិសមភាពសង្គមរីករាលដាលទូទាំងប្រទេស ។

៣. កំលាំងយុវជនៈ កំលាំងយុវជនកំពុងស្ថិតក្នុងដំណាក់កាលកសាងសមត្ថភាព ចំណាកស្រុក និងខ្លះវង្វេងនឹងសម្ភារនិយម កំលាំងនេះនៅរាយប៉ាយ តែកំលាំងនេះអាចងើបឡើងបានលុះត្រាណាតែទំហំគ្មានការងារធ្វើកើតឡើងទូទាំងប្រទេស ប៉ុន្តែកន្លងមក រដ្ឋាភិបាលបានជម្រុញឲ្យយុវជនចេញធ្វើការក្រៅប្រទេស ដើម្បីបញ្ជាសវិបត្តិគ្មានការងារធ្វើនេះបានយ៉ាងជោគជ័យ ។

កំលាំងនេះអាចគាំទ្រការអំពាវនាវលោក សម រង្សី ក្នុងករណីប្រទេសដែលទទួលពលករខ្មែរ មានវិបិត្តការងារដែរ ហើយដេញយុវជនទាំងនោះត្រឡប់ឲ្យមកស្រុកវិញ ។

ឧ. គ្រាន់តែពលករនៅថៃមានជាង ២ លាននាក់ បើថៃមានវិបត្តិការងារ ពួកគេនឹងត្រឡប់មកកម្ពុជា ហើយអាចចូលរួមជាមួយការអំពាវនាវរបស់លោកសម រង្សី បើពួកគេនៅកម្ពុជាមិនមានការងារធ្វើ ។

៤. កំលាំងផ្ទៃក្នុងគណបក្សកាន់អំណាចៈ បើសិនជាមានការបែកបាក់ដូចអ្នកវិភាគមួយចំនួននិយាយមែន កំលាំងដែលបែកអាចចាប់ដៃជាមួយកំលាំងប្រឆាំង ហើយចូលរួមតាមការអំពាវនាវរបស់លោក សម រង្សី។

៥. កំលាំងប្រដាប់អាវុធៈ មានព័ត៌មានតិចណាស់ ក្នុងកងកំលាំងប្រដាប់អាវុធ ប៉ុន្តែគ្រាន់តែដឹងថា ពួកគេក៏រងនៅអំពើអយុត្តិធម៌ក្នុងការបំពេញការងារច្រើនដែរ ហើយបច្ចុប្បន្នវិវាទរវាងមេទ័ពជំនាន់មុន និងទ័ពជំនាន់ថ្មី ក៏កំពុងតែខ្លាំងណាស់ដែរ ប៉ុន្តែគ្មានសញ្ញាណពិតប្រាកដថា កងទ័ពនឹងអាចចូលរួម នៅពេលដែលលោក សម រង្សីអំពាវនាវនោះទេ ។

ប៉ុន្តែក៏គ្មាននរណាអាចទស្សទាយបានឡើយចំពោះកំលាំងមួយនេះ ។

៦. កំលាំងអន្តរជាតិ និងប្រទេសជិតខាងៈ អន្តរជាតិបានបង្ហាញសញ្ញាណមិនគាំទ្ររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នតាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ហើយប្រទេសមហាអំណាចប្រជាធិបតេយ្យមិនសប្បាយចិត្តនៅពេលដែលឃើញភូមា ថៃ និងកម្ពុជាធ្លាក់ចេញពីគន្លងប្រជាធិបតេយ្យដូចបច្ចុប្បន្ននេះទេ

ក្នុងករណីនេះ បើស្ថានភាពនយោបាយនៅថៃមានការប្រែប្រួលតាមរយៈការលូកដៃចូលរបស់អាមេរិក ហើយលោក សម រង្សី អាចចូលមកបោះទីតាំងនៅលើទឹកដីថៃបាននោះ កំលាំងពលករជាង ២លាននាក់ អាចចូលរូមតាមការអំពាវនាវរបស់លោក សម រង្សី។

ដូច្នេះលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិអាចទៅរួច លុះត្រាតែ ៖

១. កំលាំងលើសពី៣ក្នុងចំណោមកំលាំងទាំង៦ ងើបឡើងព្រមគ្នា

២. បើរដ្ឋាភិបាលមិនបន្ធូបន្ថយបរិយាកាសនយោបាយ ធានាយុត្តិធម៌សង្គម ឈប់រំលោភបំពានពលរដ្ឋ ធ្វើទុក្ខបុកម្នេញអ្នកមានគំនិតផ្ទុយ និងឲ្យកម្ពុជាត្រឡប់គន្លងប្រជាធិបតេយ្យនោះទេ ស្ថានភាពពិតជាពិបាកប៉ាន់ស្មានណាស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព