Social Network

កម្មវិធី​វ៉ាក់សាំង​របស់​កម្ពុជានឹង​ត្រូវ​ពង្រឹង​បន្ថែម​ទៀតតាម​រយៈបរិក្ខារ​ប្រព័ន្ធ​ត្រជាក់ គាំទ្រ​ដោយ​ជប៉ុន និង​យូ​នី​សេ​ហ្វ

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ បរិក្ខារចាំបាច់សំខាន់ៗសម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅក្នុងពិធីមួយដែលរៀបចំធ្វើឡើងនៅឃ្លាំងឱសថកណ្ដាល ក្នុងរាជធានីភ្នំពេញ។

បរិក្ខារទាំងនេះ ក្នុងនោះរួមមានទូក្លាស្សេវ៉ាក់សាំងចំនួន ២១ គ្រឿង ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី ២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដាន សីតុណ្ហភាព ២៧១ គ្រឿង ដែលបានទទួលថវិកាគាំទ្រពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្មពីយូនីសេហ្វ។

វត្តមាននៃបរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អនៅទូទាំងប្រទេសកម្ពុជា នឹងធានាឲ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩ បានល្អ និងធ្វើឲ្យការផ្តល់វ៉ាក់សាំងនិងថ្នាំបង្ការជាប្រចាំ នៅក្នុងប្រទេសនេះ មានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។

គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី ១២ ឆ្នាំឡើងទៅ ប្រមាណ 11.5លាននាក់ ស្មើនឹងប្រហែល 95% នៃក្រុមប្រជាជនគោលដៅ។លទ្ធផលនេះធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងនៅក្នុងសកលលោក ដែលនេះជាសមិទ្ធផលមួយដ៏អស្ចារ្យ។

ការផ្ដល់ជំនួយទាន់ពេលវេលាជាបរិក្ខារប្រព័ន្ធត្រជាក់បន្ថែមពីរាជរដ្ឋាភិបាលជប៉ុន គឺជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងនេះបន្ថែមទៀត ព្រោះថាបរិក្ខារទាំងនេះនឹងធានាថាការចែកចាយវ៉ាក់សាំងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ នឹងមិនទទួលសម្ពាធខ្លាំងពេកលើសមត្ថភាពបច្ចុប្បន្ន និងមិនបង្កការរំខានដល់សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ជាពិសេសការផ្តល់ថ្នាំបង្ការដល់កុមារឡើយ។

ការគាំទ្រនេះ គឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាពបន្ទាន់ពីរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន 36.9 លានដុល្លារ ដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន១២ ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់របស់ខ្លួន។

ថវិកាចំនួន 907,588 ដុល្លារ ត្រូវបានវិភាជន៍សម្រាប់ប្រទេសកម្ពុជា។ បន្ថែមលើបរិក្ខារប្រព័ន្ធត្រជាក់ ប្រទេសជប៉ុនក៏កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាល ក្នុងការគ្រប់គ្រង និងថែទាំបរិក្ខារទាំងនេះ ក៏ដូចជាជួយរៀបចំដំណើរការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឲ្យកាន់តែប្រសើរនៅគ្រប់កម្រិតផងដែរ។

ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាចំនួន ១ពាន់លានដុល្លារ ដល់កម្មវិធីកូវ៉ាក់សកលលោក ដែលជាយន្តការអន្តរជាតិដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ ដើម្បីធានា និងពន្លឿនការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់ជាជំនួយវ៉ាក់សាំង អាស្ត្រាហ្សេនឹកា ចំនួន១លានដូសដែលផលិតនៅជប៉ុន ផ្តល់ជូនប្រទេសកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាព គេត្រូវរក្សាទុកវានៅសីតុណ្ហភាពសមស្រប ដែលនេះគឺជាមុខងាររបស់ឧបករណ៍ទាំងនេះអាចធ្វើបាន។

យើងមានទំនុកចិត្តយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងផ្តល់នូវកម្លាំងវិជ្ជមាន ដើម្បីជួយពន្លឿនវឌ្ឍនភាពគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការស្តារឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងមក។

មិត្តភាពរបស់យើងជាមួយនឹងពលរដ្ឋកម្ពុជាគឺជាមិត្តភាពដ៏សែនជ្រាលជ្រៅ ហើយយើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយឲ្យមិត្តភាពរបស់យើងឈានទៅមុខមួយជំហានទៀត”។នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វគឺជា ស្ថាប័នដឹកនាំការងារលទ្ធកម្ម និងផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។

នៅកម្ពុជា យូនីសេហ្វ និង អង្គការសុខភាពពិភពលោកបានចំណាយពេលបីទសវត្សរ៍ បំពេញតួនាទីជាស្ថាប័នដឹកនាំផ្នែកបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាលក្នុងការពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលផ្តល់ប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ពលរដ្ឋជប៉ុនគឺជាមិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជានៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនេះគឺជាការគាំទ្រដ៏សំខាន់ និងចាំបាច់មួយទៀតដែលពលរដ្ឋជប៉ុនបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏គួរឲ្យស្ងប់ស្ងែង

ក្នុងការឆ្លើយតបចំពោះការរាតត្បាតជា សកលនេះ។ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសកម្ពុជាទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តផែនការ ស្តារឡើងវិញរបស់ប្រទេសនេះ និងបន្តពង្រឹងសមត្ថភាពផ្ដល់ថ្នាំបង្ការ។

យើងសូមអរគុណដល់ រដ្ឋាភិបាលជប៉ុនចំពោះការឧបត្ថម្ភដ៏សប្បុរស ហើយនៅតែបន្តប្ដេជ្ញាចិត្តពេញទំហឹងដើម្បីបន្តការគាំទ្ររបស់យើងជូនរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលរដ្ឋាភិបាលខិតខំកសាងនូវប្រព័ន្ធ សុខាភិបាលកាន់តែរឹងមាំ និងមានភាពធន់”៕

ដកស្រង់ពី៖ កោះសន្តិភាព