Social Network

ក្រសួងសាធារណការ រៀបចំកម្មវិធីផ្សាយផ្ទាល់ជាលើកទី២ ក្រោមប្រធានបទ «ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត»

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋ សាកសួរព័ត៌មានទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួង។

កម្មវិធីផ្សាយផ្ទាល់នេះមានឈ្មោះថា «MPWT LIVE SHOW» ដែលបានចាប់ផ្តើមដំណើរការលើកដំបូងបំផុត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលវាគ្មិនចូល មកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់នោះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋផងដែរ។

សម្រាប់កម្មវិធីផ្សាយផ្ទាល់ជាលើកទី២នេះ នឹងរៀបចំឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះក្រោមប្រធានបទ

«ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេស ផ្ទាល់ខ្លួនសម្រាប់រថយន្ត» ដោយមានវាគ្មិនកិត្តិយសលោកស្រី កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨៖០០នាទីព្រឹក ដោយមានការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

សូមបញ្ជាក់ថាកម្មវិធី« MPWT LIVE SHOW» ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ជាមួយថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋដែលមានសំណួរទាក់ទងនឹងប្រធានបទ «ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត» អាចសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន ក្នុងលីង ( https://www.facebook.com/mpwt.gov.kh ) នេះ ដើម្បីឱ្យមន្ត្រីជំនាញជ្រើសរើសមកឆ្លើយតបក្នុងកម្មវិធីផ្សាយផ្ទាល់ផងដែរ៕

ដកស្រង់ពី៖ Fresh News