Social Network

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការ បន្តចុះពិនិត្យ និងអន្តរាគមន៍ជួយទប់ទំនប់សណ្ដ ស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។

ការចុះពិនិត្យស្ថានភាពទឹកកំពុងបន្តហក់ឡើងនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមន្ត្រីរាជការ ជាច្រើនរូបទៀតផងដែរ ។

កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌង្កោ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ស្ពាន៧មករា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌដង្កោ នៅថ្ងៃទី២៥តុលា បានលើកឡើងថា សូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមាន ៖

សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ

ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកឆ្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់ ។

ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត ៕

ដកស្រង់ពី៖ កោះសន្តិភាព