Social Network

ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខនៅតាមកន្លែងព្យាបាលអ្នកជំងឺ កូវីដ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសការកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខ នៅតាមកន្លែងព្យាបាលអ្នកជំងឺកូវីដ ។

យោងតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានលើកពីការធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ

និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២គឺ ៖

(១) ការធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និង

(២) អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញមានកម្រិតខ្ពស់ ដែលនាំឱ្យមានភាពស៊ាំ និងប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃវីរុសកូវីដ-១៩,គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩,

សូមធ្វើបច្ចុប្បន្នភាពរបបធ្វើចតាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដូចជា លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការសុខាភិបាលខ្ជាប់ខ្ជួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន PCR (-)

ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខទាំងនេះត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៤ថ្ងៃ មុននឹងវិលចូលបម្រើការងារសនៅអង្គភាពដើមវិញ ។

លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់ សេវាជួរមុខ ប៉ុន្តែ មានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ ។

ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំងដែលបានកំណត់ទុក៕

ដកស្រង់ពី៖ កោះសន្តិភាព