Social Network

ក្រសួងយុត្តិធម៌ ចេញគោលការណ៍ថ្មី សម្រាប់​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានសេចក្តីណែនាំ ស្តីពី គោលការណ៍ ដែលត្រូវអនុវត្ត នៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

ក្រសួងយុត្តិធម៌ លើកឡើងថា ក្នុងរយៈពេល ១ឆ្នាំ ១ខែ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង គឺសាលាដំបូងរាជធានីខេត្ត បានចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់នូវគោលការណ៍ណែនាំ ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទាំង ៣ នៃដំណើរការនីតិវិធីតុលាការ គឺដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ។

ក្រសួងយុត្តិធម៌ ក៏បានលើកឡើងថា ទាំងសំណុំរឿងព្រហ្មទណ្ឌ ដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌ ដែលចូលថ្មីជាច្រើន ត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ៧ស ស្របតាមនីតិវិធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារបានមួយកម្រិតផងដែរ។

តាមសេចក្តីប្រកាស ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងយុត្តិធម៌ បានណែនាំជាថ្មីដល់សាលាដំបូងរាជធានីខេត្ត ឲ្យបន្តអនុវត្តគោលការណ៍ណែនាំ ដែលត្រូវបានកំណត់នៅក្នុងសេចក្តីណែនាំ

ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងយុត្តិធម៌ បានប្រកាសរំលឹកឡើងវិញអំពីខ្លឹមសារសំខាន់ៗ ដូចតទៅ៖

អំពីគោលការណ៍ នៅក្នុងដំណាក់កាលអយ្យការ គឺវិធីនៃការចោទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុងមាត្រា ៤៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យោងតាមមាត្រា ៤៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ វិធីនៃការចោទប្រកាន់ រួមមាន៖

១-ការបើកការស៊ើបសួរ

២-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់

និង៣-ការបង្ហាញខ្លួនភ្លាម។

សេចក្តីប្រកាស លើកឡើងថា កន្លងមក ក្រសួងយុត្តិធម៌ បានពិនិត្យឃើញថា អយ្យការអមសាលាដំបូងរាជធានីខេត្ត ពុំសូវបានប្រើវិធីចោទប្រកាន់ តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមនោះទេ ក៏ប៉ុន្តែតែងប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិមតាមរយៈការបើកការស៊ើបសួរ ដែលជាបច្ច័យនាំឲ្យមានការកើនឡើងជាច្រើននូវសំណុំរឿង នៅក្នុងដំណាក់កាលស៊ើបសួរ។

ដើម្បីពន្លឿនចំណាត់ការលើសំណុំរឿង ជាពិសេសការកាត់បន្ថយការកកស្ទះសំណុំរឿង នៅក្នុងដំណាក់កាលស៊ើបសួរ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំ និងលើកទឹកចិត្តឲ្យអយ្យការអមសាលាដំបូងរាជធានីខេត្តទាំងអស់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់អាទិភាពប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិម តាមរយៈបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាម ដោយផ្អែកតាមអង្គហេតុនៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធី ដែលមានចែង នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

នៅក្នុងដំណាក់កាលស៊ើបសួរ ក្រសួងយុត្តិធម៌ បានណែនាំ និងលើកទឹកចិត្តឲ្យអយ្យការអមសាលាដំបូងរាជធានីខេត្តទាំងអស់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់អាទិភាពប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិម តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាម ដោយផ្អែកតាមអង្គហេតុ នៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធី ដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រៅពីនោះ ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមមាត្រា ២០៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ទាក់ទងនឹងការឃុំខ្លួនបណ្តោះអាសន្ន ជាពិសេសស្មារតីនៃការគោរពការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មតទុកជាមុនថា គ្មានទោស។

ការឃុំខ្លួនបណ្តោះអាសន្ន គប្បីត្រូវបានប្រើសម្រាប់តែចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយក្នុងលក្ខខណ្ឌ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេសក្នុងករណី ដែលការឃុំខ្លួនបណ្តោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់ និងចាំបាច់ ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរប៉ុណ្ណោះ។

ក្រសួងយុត្តិធម៌ ក៏បានលើកទឹកចិត្តឲ្យចៅក្រមស៊ើបសួរប្រើឲ្យអស់លទ្ធភាព និងឲ្យបានទូលំទូលាយ ដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសយកការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការនិរន្តរាយ ជំនួសឲ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរ ស្របតាមបញ្ញត្តិចាប់ពីមាត្រា ២២៣ ដល់មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេសចំពោះបទមជ្ឈិម ដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ។

អំពីគោលការណ៍ នៅក្នុងដំណាក់កាលជំនុំជម្រះ ក្រសួងយុត្តិធម៌ ក៏បានណែនាំថា តុលាការ គប្បីយកចិត្តទុកដាក់ ក្នុងការពន្លឿនការបើកសវនាការ និងចេញសាលក្រម ឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះការអនុវត្តរបបនៃការប្រកាសទោស តុលាការ គប្បីពិចារណាប្រកាសទោស ដោយមានការចាត់ចែងក្នុងការអនុវត្ត ដោយផ្អែកតាមគោលការណ៍ឯកត្តកម្មនៃទោស អង្គហេតុនៃបទល្មើស កាលៈទេសៈនៃការប្រព្រឹត្តិបទល្មើស និងបុគ្គលិកលក្ខណៈរបស់ជនជាប់ចោទ សំដៅធានាដល់គោលបំណងនៃទោស ស្របតាមស្មារតីនៃច្បាប់។

ទន្ទឹមនេះ ដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ តុលាការត្រូវបានលើកទឹកចិត្តឲ្យប្រើរបបនៃការព្យួរទោសសាកល្បងឲ្យអស់លទ្ធភាព និងឲ្យបានទូលំទូលាយ ចំពោះបទមជ្ឈិម ដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ ដើម្បីផ្តន្ទាទោសជនជាប់ចោទ ស្របតាមបញ្ញត្តិ ចាប់ពីមាត្រា ១០៤ ដល់មាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណី ដែលតុលាការសម្រេចជ្រើសយកការប្រកាសការព្យួរទោសសាកល្បង តុលាការត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តតាមស្មារតីនៃសារាចរ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងយុត្តិធម៌។

សូមរម្លឹកថា ក្រសួងយុត្តិធម៌ បានដាក់ចេញ «យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០

និងត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងពន្លឿនការរកយុត្តិធម៌ឲ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ ក៏ដូចជា ចូលរួមចំណែកក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ៕

ដកស្រង់ពី៖ កោះសន្តិភាព