Social Network

សម្តេច​តេ​ជោ​ ប្រកាស​លុប​ចោល​ការហាម​អ្នកដំណើរ​១០​ប្រទេស​ចូល​មក​កម្ពុជា ​តែ​ត្រូវធ្វើ​តេស្ត និង​ច​ត្តា​ឡី​ស័ក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសលុបចោលការហាមអ្នកដំណើរចំនួន១០ប្រទេសចូលមកកម្ពុជាវិញហើយ ដោយកំណត់អ្នកដែលចូលមកត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ក ។

ការប្រកាសលុបនេះ បន្ទាប់ពីក្រសួងសុខាភិបាលកាលពីពេលកន្លងមកបានប្រកាសហាមឃាត់អ្នកដំណើរមកពីរ១០ប្រទេស ករណីផ្ទុះជំងឺកូវីដ១៩បំប្លែងថ្មី «អាមីក្រុង»មួយរយៈពេល ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមិនទាន់មានអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩បំប្លែងថ្មីឈ្មោះ «អូមីក្រុង» នៅឡើយនោះទេ ដូច្នេះកុំមានស្លន់ស្លោពេក ។

សម្តេចបានបញ្ជាក់ថា៖«យើងបានលុបចោលការហាមប្រាម១០ប្រទេសចំពោះអ្នកធ្វើដំណើរមកកម្ពុជា នោះ គឺលុបចោលហើយ ប៉ុន្តែយើងត្រូវពង្រឹងការធ្វើតេស្ត និងធ្វើចត្តាឡីស័ក នៅក្នុងស្រុកវិញ ហើយខ្ញុំគាំទ្ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិថា យើងមិនដាក់របាំងរឿងនឹងនោះទេ» ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ធ្នូ បានលើកឡើងថា មានការឯកភាពពីសម្តេចតេជោ ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529) ក្រសួងសុខាភិបាលសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, Sh Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣ សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា ។

ក្រសួងថា ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញ ដោយការអនុវត្តនីតិវីធីបន្ថែម លើនីតិវិធីប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លង ប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» អំឡុងពេល២សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា ដូចខាងក្រោម ៖

១-អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ដ PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជាទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា ៖

ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់ក្នុងករណីទទួលបានលទ្ធផលតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមានត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងត្រូវធ្វើចត្តាឡីស័កដាច់ដោយឡែកនៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ។

ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR វិជ្ជមានត្រូវធ្វើការព្យាបាល ។ ក្នុងករណីទទួលបានលទ្ធផលតេស្ដ PCR អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយ ឡែករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក ។

ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូរីដ-១៩ អវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក ។

ចំពោះអ្នកដំណើរជាជនបរទេសត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ។ក្នុងករណីអ្នកដំណើរមិនបានកក់សណ្ឋាគារត្រូវទៅកាន់បញ្ញរធនាគារ ដើម្បីតម្កល់ប្រាក់១.០០០ (មួយពាន់) ដុល្លារអាមេរិក សម្រាប់ធនាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ។

២-អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (គេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជាទទួលស្គាល់ដោយ អាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា ។

ក្រសួងថា អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជាអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

-អ្នកដំណើរជាជនបរទេសត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាល ជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្នាតំណាងដោយក្រុមហ៊ុនធនាធារ៉ាបង់រងហ្វេរតេ៕

ដកស្រង់ពី៖ កោះសន្តិភាព