Social Network

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជួប​តំណាង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

ភ្នំពេញៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ដើម្បីពិភាក្សាអំពីការសិក្សាគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំពហុឆ្នាំ២០២១-២០២៧ (EU Multiannual Indicative Programme 2021 – 2027) របស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១១ ខែ ឧសភា ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ

ច្បាប់ស្តីពីភាពជាដៃគូរដ្ឋនិងឯកជន ការបង្កើនភាពប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់និងបញ្ចុះថ្លៃដើម ការរៀបចំលិខិតបទដ្ឋានច្បាប់និងប្បញ្ញត្តិថ្មីៗ

ការដាក់ចេញនូវយុទ្ធសាស្ត្រកាត់ដេរ យុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់-ស្តារសេដ្ឋកិច្ចនានា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយនឹងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវការអនុវត្តគ្រប់ជ្រុងជ្រោយ

និងប្រសិទ្ធិភាព។លោកបន្តថា រោងចក្រសហគ្រាសនៅកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តកម្មវិធីដែលផ្តល់ផលវិជ្ជមានលើកិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលល្អ និងការលើកកម្ពស់សុខុមាលភាពនិងស្តង់ដារការងាររបស់និយោជិក ការអនុវត្តមូលនិធិសន្តិសុខសង្គម រួមទាំងការបណ្តុះបណ្តាលជំនាញថ្មីផងដែ។

ក្នុងនោះ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factory Cambodia) របស់អង្គការពលកម្មអន្តរជាតិបានក្លាយជាឧទាហរណ៍ល្អមួយសម្រាប់ទាក់ទាញការបញ្ជាទិញ ហើយភាគីដៃគូពាក់ព័ន្ធគួរពិនិត្យលទ្ធភាពបន្តផ្តល់មូលនិធិសម្រាប់អនុវត្តរហូតសម្រេចបាននូវកំណែទម្រង់

ក៏ដូចជាលទ្ធផលគាប់ប្រសើរស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង វិស័យកសិ-ឧស្សាហកម្ម និងវិស័យដទៃទៀត។

ជាមួយគ្នានេះ ភាគី EU បានបង្ហាញអំពីកម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្មនិងកសិកម្ម ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពល កិច្ចការពារបរិស្ថាន ការគោរពស្តង់ដារការងារ ផលិតភាពនិងសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព

ទំនួលខុសត្រូវ និងសុខមាលភាពនៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមក៏ដូចជាស្វែងរកជំនួយបច្ចេកទេសនិងការគាំទ្រពីភាគីEU។ទន្ទឹមនឹងនេះ ខាងជំនាញការសហភាពអឺរ៉ុបបានជម្រាបពីគំនិតផ្តួចផ្តើមទាំងនេះ

ថានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា

ដែលស្របនឹងគោលដៅអភិវឌ្ឍន៍របស់ EU ដែលមានការគិតគូខ្ពស់អំពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន តម្លាភាព ការអភិវឌ្ឍសមត្ថភាពជំនាញដល់និយោជិក និងការអនុវត្តច្បាប់ និងបទបញ្ញតិ្តចាំបាច់៕

ដកស្រង់ពី៖ រស្មីកម្ពុជា