Social Network

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជួបឯកអគ្គរដ្ឋទូតតែងតាំងថ្មីលង្កា

ភ្នំពេញ៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរក្នុងឱកាស លោកស្រីឯកអគ្គរដ្ឋ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ហើយឆ្លៀតក្នុងឱកាសនោះ លោក

ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីយន្តការ និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីស្តារ សេដ្ឋកិច្ចជាតិកម្ពុជាឡើងវិញ

តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងធំធេង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឡើងវិញ។

លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យធុរជនស្រីលង្កាពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន និងបានជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀតតាមរយៈសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោករដ្ឋលេខាធិការ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសម និងបានស្វែងយល់ពីសក្តានុពលពាណិជ្ជកម្មក៏ដូចជា វិនិយោគ និងទេសចរណ៍នៅកម្ពុជា។

លោកស្រី សង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ចនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូតបន្តថា ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៧០ ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំនេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ចក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងដ៏ល្អ និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា