Social Network

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី ឆ្លៀតជួបគ្នានៅអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

(វ៉ាស៊ីនតោន, អាមេរិក)៖ ក្នុងដំណើរអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយលោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរយោបល់លើការងារត្រៀមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា នោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក Muhammad Lutfi ក៏ដូចជារដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រកម្ពុជាក្នុងពេលកន្លងមក

និងជាពិសេសនៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ លោករដ្ឋមន្ត្រីបន្តថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានខាងមុខ។

កិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។

លោក Muhammad Lutfi ក៏បានអញ្ជើញលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន

ក៏ដូចជាកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគ និងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ក្នុងជំនួបនេះរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕

ដកស្រង់ពី៖ Fresh News