Social Network

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​បូកសរុប វាយតម្លៃ ដក​បទពិសោធន៍ លទ្ធផល នៃ​ការរៀបចំ​ពិធី​ជំនួប​ប្រាស្រ័យ មិត្តភាព​ការពារជាតិ​ព្រំដែន កម្ពុជា​-​វៀតណាម ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១

ភ្នំពេញៈ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ ដកបទពិសោធន៍ លទ្ធផលនៃ ការរៀបចំពិធីជំនួបប្រាស្រ័យ មិត្តភាពការពារជាតិ ព្រំដែនកម្ពុជា-វៀតណាម

ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋ មន្ត្រីលើកទី៥ និងប្រជុំផ្សព្វផ្សាយផែនការ ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៥

នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័ន ដែលមាន ការពាក់ព័ន្ធ។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថា ទិវាចងចាំ ២០ មិថុនា ១៩៧៧ គឺជារបត់ទំព័រប្រវត្តិសាស្ត្រ របស់កម្ពុជា ហើយជាដំណាក់កាលមួយ ដែលបានឃើញជាក់ស្ដែង នូវភាព ដឹកនាំដ៏ អង់អាចក្លាហាន ដែលជាតួអង្គអ្នកដឹកនាំមួយរួប បានប្តូរជីវិតជាមួយ នឹងការស្វះស្វែងរកសន្តិភាព ការសង្គ្រោះជាតិ នៅក្នុងភពខ្មៅងងឹត និងមហន្តរាយ នៃប្រជាជាតិមួយ។

ការរៀបចំពិធីរំឮកនេះ ស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិ ពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះ សម្តេចតេជោ គ្រាន់តែជាមេបញ្ជាការទ័ពមួយរូប បានចេញ

ដំណើរភៀសខ្លួន ទៅប្រទេស វៀតណាម ជាមួយមិត្តរួមអាវុធ ដើម្បីស្វែងរក ការជួយឧបត្ថម្ភ ក្នុងការតស៊ូរំដោះជាតិ និងជួយសង្គ្រោះជីវិត បងប្អូនប្រជាជន និងសង្គមជាតិ ឲ្យរស់ឡើងវិញ រហូតមានការរីកចម្រើន ដល់សព្វថ្ងៃនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា