Social Network

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងសន្និសីទអន្តរជាតិ ស្ដីពី “អនាគតរបស់អាស៊ី” តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់ មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ដើម្បីថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពី “អនាគតរបស់អាស៊ី “ក្រោមមូលបទ” ការកំណត់ឡើងវិញ នូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក”។

គម្រោងថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) ដែលសន្និសីទនោះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នាថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ខាងមុខ។

នៅក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ រវាងមហាអំណាច និងសារៈសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ

និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ សម្រាប់ទ្វីបអាស៊ី និងពិភពលោក។ ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី

នៅក្នុងសន្និសីទអន្តរជាតិខាងលើនេះ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្ម នៅក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាពមួយ

សម្រាប់អាស៊ី និងពិភពលោក ជាពិសេសនៅក្នុងបុព្វហេតុស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ កម្ពុជាថ្មី