Social Network

លោក ហ៊ុន ម៉ា​ណែ​ត : គោលនយោបាយ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន គឺ​ការឱ្យ​តម្លៃ​ប្រជាជន និង​ជួយ​ដល់​ប្រជាជន​ជា​អាទិភាព​ចម្បង

ភ្នំពេញ: លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា : គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជន ជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែង នៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។

ការបញ្ជាក់នេះ ក្នុងពិធីបុណ្យកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា : គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។

ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍន៍ ឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ។

គណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានបន្តថា : ក្នុងដំណាក់កាលវិបត្តិគ្រោះភ័យ នៃជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តដឹកនាំបញ្ជា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាប់សែននាក់ ដោយផ្ទាល់ និងរាប់លាននាក់ ដោយប្រយោល ឱ្យរួចផុតពីមាត់ជ្រោះមរណៈ នៃជំងឺដ៏កាចសាហាវនេះ។

រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់បំផុត ទៅលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីការពារហានិភ័យ ពីការឆ្លងជំងឺនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងប្រទេស ឱ្យនៅបន្តការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ព្រមជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតទ្បើងវិញ ក្នុងសហគមន៍សារជាថ្មីម្តងទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការរីកឡើង នូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមបុរាណដ៏មានវ័យចំណាស់ ប្រមាណជាង ៣០០ឆ្នាំ មួយនេះ ដែលបានបង្កលក្ខណៈ ដល់ការធ្វើបុណ្យ បំពេញទាន និងរក្សាសីល តាមតម្រូវការជាក់ស្តែង បច្ចុប្បន្នរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅក្នុងមូលដ្ឋាន។

សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងមហាសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ រួមជាមួយនឹងថ្នាក់ដឹកនាំ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅលើមូលដ្ឋាននៃវប្បធម៌ចែករំលែករបស់ខ្មែរយើង តាំងពីដើមរៀងមក ដែលតែងចូលរួមជាមួយគ្នា ក្នុងការកសាងសមិទ្ធផល ជាផលប្រយោជន៍រួម ជូនដល់ប្រជាជន និងប្រទេសជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា : ការកកើតឡើង នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដូចពេលនេះ គឺពិតជាបានចូលរូមចំណែក យ៉ាងសកម្ម ក្នុងការបម្រើផលប្រយោជន៍រួម ក្នុងវិស័យព្រះពុទ្ធសាសនា ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេ ជាពិសេស ដើម្បីទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឱ្យបានស្ថិតស្ថេរគង់វង្ស គ្រប់កាលវេលា តាមពុទ្ធប្បញ្ញត្តិ។

ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា ២ សំខាន់ៗគឺ កត្តាទី១. អំណោយផលនៃបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការធានាបាននូវកម្ពុជាមួយ

“គ្មានការរើសអើង គ្មានការប្រកាន់ ពូជសាសន៍ គ្មានជម្លោះទាក់ទងនឹងជាតិសាសន៍ និងសាសនា” និងកត្តាទី២. ការដាក់ចេញគោលនយោ បាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ពង្រឹង

និងពង្រីកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរីកចម្រើនលូតលាស់ បន្តទៅមុខ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានខិតខំលុបបំបាត់នូវភាពអវិជ្ជមានដែលបន្សល់ពីអតីតកាលដ៏ខ្មៅងងឹតសូន្យសុង ក្នុងរបបខ្មែរក្រហម តាមរយៈការផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

ជាអាទិ៍ វត្តអារាម សាលារៀន មន្ទីរពេទ្យ ជាដើម។ល។ ដែលជាមូលដ្ឋានរូបវ័ន្តបម្រើឱ្យការអនុវត្តជាក់ស្តែង នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ រស្មីកម្ពុជា