Social Network

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញកង្វល់អំពីការផ្ទុះឡើងវិញនៃកូវីដ១៩នៅងក្នុងតំបន់អឺរ៉ុប,ដោយសុំឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នជាថ្មី

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការកង្វល់ជាថ្មីឡើងវិញអំពីបញ្ហាជម្ងឺ កូវីដ១៩ ,ខណៈដែលប្រទេស មួយចំនួននៅអ៊ឺរ៉ុប បានប្រកាសអំពីរលកឆ្លងកូវីដ១៩លើកទី៧ កំពុងកើតមាននៅប្រទេសបារាំង និង អ៊ីតាលី កំពុងដាក់ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតាជាថ្មីទៀត ។

បញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារខ្លួនឡើងវិញ,ពិសេសត្រូវតែទៅទទួលយកវ៉ាក់សាំងការពារខ្លួនព្រោះមានតែវ៉ាក់សាំងទេដែលអាចការពារយើងបាន ។

ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថាគ្មានការបិទប្រទេស ទីក្រុង បិទខេត្ត បិទផ្សារ បិទសាលារៀនឬបិទរោងចក្រឡើងវិញនោះទេដោយសារតែប្រជាជនយើងបានចាក់វ៉ាកសាំងគ្រប់គ្នាហើយ ។

កង្វល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលក៏ដូចជាផ្តល់នូវដំបូន្មាននិងថវិកាជូនដល់ប្រតិភូកីឡាអា ស៊ានប៉ារ៉ាហ្គេមកម្ពុជាមុន នឹងពួកគេចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២២នេះនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«បញ្ហាមួយដែលខ្ញុំគួរតែផ្តាំផ្ញើសម្រាប់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនីរបស់យើង អីឡូវកូវីដហាក់ដូចជាងើបឡើងវិញហើយកំពុងដាក់

ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតា នៅអឺរ៉ុបមានបារាំងនិងអ៉ីតាលីបានចាប់ផ្តើមប្រកាសថាជារលកទី៧ដោយនៅអ៊ីតាលីមានអ្នកឆ្លងជាង ១៣ ម៉ឺននាក់ និង ស្លាប់ ៩៤ នាក់និងបារាំងមានជាង ២០ ម៉ឺននាក់ និង ស្លាប់ ៧៥ នាក់នៅថ្ងៃនេះ…!

អញ្ចឹងទេ ស្ថានភាពនេះសម្រាប់កម្ពុជាយើងក្នុងប៉ុន្មានថ្ងៃជាប់គ្នាត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ឡើងវិញ អញ្ចឹងបញ្ហានេះគឺទាមទារឱ្យប្រជាជនយើងធ្វើការប្រុងប្រយ័ត្ន សារជាថ្មីម្តងទៀត ទៅលើបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប គឺមានករណីឆ្លងជំងឺកូវីដ១៩ រាប់ម៉ឺននាក់នៅក្នុងមួយថ្ងៃៗព្រមទាំងមានអ្នកស្លាប់ដោយសារជំងឺ នេះផងដែរខណៈមានបណ្តាប្រទេសអាស៊ានមួយចំនួនក៏កំពុងតែបន្តជួបករណីឆ្លងរីករាលដាលនៃជំងឺកូកវីដ១៩នេះផងដែរដូចជាប្រទេសសឹង្ហបុរី ថ្ងៃនេះមាន ១២ ៧៨០ នាក់ ។

អញ្ចឹងទេស្ថានភាពនេះសម្រាប់កម្ពុជាយើងក្នុងប៉ុន្មានថ្ងៃជាប់គ្នានេះ ថ្ងៃនេះមាន ៧ទៅ៨ ករណី ។

បញ្ហានេះទាមទារអោយប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នបន្ថែមទៀតទៅ លើបញ្ញាកូវីដ១៩ ។

កីឡាករកីឡាការិនីរបស់យើងពេលទៅធ្វើការប្រកួតត្រូវតែរៀបចំឱ្យបានម៉ត់ចត់ សំរាប់ការពារសុខភាពរបស់កីឡាករកីឡាការិនីជាពិសេសត្រូវពាក់ម៉ាសឲ្យបាន គ្រប់គ្រាន់ដើម្បីធានាថាកីឡាករកីឡាការិនីរបស់យើងមិនឆ្លងក្នុងការចូលរួមប្រកួត ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៥២ថ្ងៃមកកាលថ្ងៃទី២៨ ខែមិថុនា ជំងឺកូវីដ១៩បានផ្ទុះឡើងសាជាថ្មីដែលបង្កជាការព្រួយ បារម្ភពីការឆ្លងរាលក្នុងសហគមន៍កម្ពុជាជាថ្មីទៀត ។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាលនិងស្នើ ដល់ប្រជាពលរដ្ឋថែរក្សាសុខភាពនិងជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ តាមការកំណត់រៀងខ្លួន ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការភ័យខ្លាចថា រាជរដ្ឋាភិបាលនិងបិទរោងចក្រ បិទសាលារៀន បិទផ្សារ ដែលអាចបង្កឲ្យពួក គេត្រូវជួបការលំបាកជាថ្មីឡើងវិញ។

សម្តេចតេជោបានយកឱកាសនេះបញ្ជាក់ទៅកាន់ជនរួមជាតិថា៖គ្មានការចាំបាច់ណាដើម្បីធ្វើការបិទប្រទេស បិទខេត្ត រាជធានីបិទសាលារៀន បិទផ្សារនោះទេ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចហើយនោះ ។

សម្តេចបន្តថាចំណុចអស់ទាំងនេះសុទ្ធតែជាចំណុចដែលយើងធ្លាប់ធ្វើ និងដោយកន្លែង នឹងបានបិទគោលដៅខ្លះ ,ប៉ុន្តែឥឡូវនេះគ្មានការចាំបាច់ដើម្បី បិទទេអ្នកលក់ដូរឆ្លងតែ១០ តូបគឺយើងបិទផ្សារមួយទាំងមូល ,លើកនេះអត់ទេអ្នកដែលមានបញ្ហាទៅព្យាបាលនៅផ្ទះ ។

សម្តេចបន្តថាយើងមិនមានការចាំបាច់ដើម្បីបិទប្រទេសឡើងវិញនោះទេហើយក៏មិន មានតម្រូវការសម្រាប់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសមកចូលមកកម្ពុជានោះដែរ។

សម្តេចបានធ្វើការបញ្ជាក់ទៀតថាចំពោះបងប្អូនដែលមានកង្វល់ថាបិទរោងចក្របិទសាលារៀនឬបិទផ្សារ,បងប្អូនជាកម្មករ កម្មការិនី ជាអាជីវករ សូមបន្តធ្វើការរកស៊ីដោយ

ភាពសុខសាន្តអ្វីដែលសម្តេចត្រូវការគឺបងប្អូនត្រូវទៅទទួលយកវ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល,កិច្ចការពារខ្លួនកាន់តែល្អប្រសើរជាការល្អសម្រាប់យើងអញ្ចឹង ម្ចាស់រោងចក្រនៅកន្លែងនីមួយៗត្រូវតែគិតអំពីសុវត្ថិភាពនៃកម្មកររបស់ខ្លួន,ជំរុញលើកទឹកចិត្តឲ្យពួកគេបានទៅទទួលវ៉ាក់សាំងតាមការកំណត់និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ ។

រដ្ឋមន្ត្រីតាមក្រសួងនានាក៏ត្រូវតាមពិនិត្យអំពីបុគ្គលិករបស់ខ្លួន,បណ្ដាក្រុមហ៊ុននានាត្រូវតែគិតពីបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនទៅចាក់ដល់ដូសទីប៉ុន្មានហើយត្រូវជំរុញលើកទឹកចិត្តឲ្យទៅចាក់។ហើយពិបាកអាចស្នើសុំគ្រូពេទ្យទៅចាក់ដល់ក្នុងក្រសួងរបស់ខ្លួនតែម្ដង ។

សម្តេចតេជោបន្តថាគ្មានអ្វីខ្លាំងជាងវ៉ាក់សាំងនិងល្អជាងវ៉ាក់សាំងទេ ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យកីឡាករ កីឡាការិនី ទាំងអស់ដែលបានចាក់ដូសទី ៣ ហើយដល់ពេលដែលត្រូវចាក់ដូសទី ៤ ហើយនោះត្រូវតែបន្តទៅចាក់ដូសទី ៤ ហើយអ្នក ដែកចាក់ដូសទី ៤ ហើយដល់ពេលចាក់ដូសទី ៥ គឺត្រូវតែទៅចាក់ដូសទី ៥ មុនពេលចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ។

សម្តេចតេជោ ហ៊ុន សែនឲ្យដឹងទៀតថាព្រឹកមិញនេះសម្តេចបានធ្វើការសម្រេចថាតើកម្ពុជាត្រូវចូលរួមអ្វីខ្លះនៅក្នុងការចូលរួមជាមួយអាស៊ានដែលជំហា នដំបូងនេះមានប្រទេសបីបានចូលរួមមានវៀតណាម ថៃ និង កម្ពុជាជាប្រទេសទី៤ សម្រាប់ស្តុកវេជ្ជសាស្រ្តបំរុងរបស់អាស៊ានសម្រាប់គ្រោះអាសន្នសុខភា ពសាធារណៈ ។

ហើយព្រឹកមិញនេះកម្ពុជាបានបញ្ជូន សម្ភារៈវេជ្ជសាស្រ្តទៅចូលរួមមាន ម៉ាស់ធម្មតាចំនួន ២ លាន,ម៉ាស់ N95ចំនួន ២០ ម៉ឺន,ម៉ាស៊ីនផលិត អ៊ុកស៊ីសែនស្វ័យប្រវត្តិចំនួន ៣០០គ្រឿង,ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ១០០ គ្រឿងនិងថវិកា១,៥លានដុល្លារអាមេរិក។

សម្តេចតេជោបន្តថាយើងចូលរួមតាមលទ្ធភាពរបស់យើងហើយថ្ងៃខាងមុខអាចយើងមានលទ្ធភាពយើងចូលច្រើនជាងនេះទៀត។

គួរជម្រាបថាគិតត្រឹមថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២២នេះនៅទូទាំងពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៥៦,៣០៩,៨៩៩នាក់, ព្យាបាលជាសះស្បើយចំនួន ៥៣០,៦៧៣,៧៩៩ នាក់ និងស្លាប់ចំនួន៦,៣៦៤,៣៩២នាក់។

ដោយឡែយគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងដល់ជាង ៣២.២លាននាក់ហើយក្នុង នោះអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា