Social Network

WHO កោះប្រជុំជាបន្ទាន់ ក្រោយជំងឺអ៊ុតស្វារាតត្បាតជាង ៦.០០០ករណីទូទាំងពិភពលោក

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បច្ចុប្បន្ននេះ មានការឆ្លងជំងឺអ៊ុតស្វា (Monkeypox) ជាង ៦.០០០ករណីក្នុងប្រទេសចំនួន ៥៨ទូទាំងពិភពលោក។WHO នឹងកោះប្រជុំគណៈកម្មាធិការដែលនឹងផ្តល់យោបល់លើការប្រកាសពីការផ្ទុះជំងឺនេះ ដែលជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុត នៅថ្ងៃទី ១៨ ខែកក្កដា ឬឆាប់ជាងនេះ។

នេះជាការថ្លែងរបស់អង្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus ប្រាប់សន្និសិទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ (Geneva)។

នៅក្នុងកិច្ចប្រជុំលើកមុននៅថ្ងៃទី ២៧ ខែមិថុនា គណៈកម្មាធិការបានសម្រេចថា ការផ្ទុះជំងឺអ៊ុតស្វានេះ ដែលត្រូវបានគេមើលឃើញថាកើនឡើងនៅប្រទេសក្នុងតំបន់អាហ្រ្វិច និងរាតត្បាតទូទាំងពិភពលោក មិនទាន់ជាគ្រោះអាសន្នសុខភាពពិភពលោកនោះទេ។

លោកថ្លែងដូច្នេះថា “ខ្ញុំនៅតែព្រួយបារម្ភពីទំហំ និងការរាតត្បាតរបស់វីរុសទូទាំងពិភពលោក”។

លោកបន្ថែមថា កង្វះការធ្វើតេស្តមានន័យថា វាទំនងជាមានករណីឆ្លងច្រើនមិនត្រូវបានគេរាយការណ៍។ លោកនិយាយថា ករណីជំងឺអ៊ុតស្វាប្រហែល ៨០ភាគរយស្ថិតនៅតំបន់អ៊ឺរ៉ុប។

សូមបញ្ជាក់ថា ជំងឺអ៊ុតស្វាចាប់ផ្តើមរាតត្បាតទូទាំងពិភពលោកចាប់តាំងពីដើមខែឧសភាមក។ វាគឺជាជំងឺឆ្លងមានលក្ខណៈស្រាលដែលបណ្តាលឲ្យមានរោគសញ្ញាដូចផ្តាសាយធំដែរ និងមានដំបៅស្បែក។

អត្រាស្លា.ប់របស់ជំងឺនេះដែលកើតមានកាលពីមុននៅអាហ្រ្វិចមានត្រឹម ១ភាគរយប៉ុណ្ណោះ៕ (យោងតាមប្រភព៖ Reuters)

ដកស្រង់ពី៖ កោះសន្តិភាព