Social Network

កម្ពុជា-វៀតណាមឯកភាពពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងប្រទេសទាំងពីរដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-វៀតណាម បានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ លោកផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស

និងជាអនុប្រធានប្រចាំការគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងបំណងបន្ដរឹតចណងសាមគ្គីភាព មិត្ដភាពកាន់តែយូអ្វែង នៅវិមាន ៧មករា នៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

ក្នុងឱកាសនេះលោក ផាម តឹត ថាំង (PHAM TAT THANG) ក៏បានថ្លែងនូវការកោតសសើរដល់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឲ្យមានការរីក ចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែល ពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន

និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈ ការជួបសន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស រដ្ឋាភិបាល

និងប្រជាជនទាំងពីរ។ ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជំនួបនេះក៏បានឯកភាព លើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព

និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។

ជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

ដកស្រង់ពី៖ កោះសន្តិភាព