Social Network

កម្ពុជា-វៀតណាម បើកវគ្គបណ្តុះបណ្តាលពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីកម្ពុជា

(តៃនិញ, វៀតណាម)៖ អនុវត្តតាមស្មារតីកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្រ្តីលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា-វៀតណាម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាល និងស្តារនីតិសម្បទា ការគ្រប់គ្រង និងការថែទាំអ្នកញៀនគ្រឿងញៀន។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមវត្តមានវរសេនីយ៍ឯកបម្រុង ហ្វាង តឹម ហ្វីវ អនុប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន (វៀតណាម)

និងវរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទាកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

លោកវរសេនីយ៍ឯកបម្រុង ហ្វាង តឹម ហ្វីវ បានលើកឡើងថា សភាពការណ៍បទល្មើសគ្រឿងញៀនកំពុងតែបន្តកើតមានក្នុងស្ថានភាពស្មុកស្មាញ អាថ៍កំបាំង ពិបាកសន្និដ្ឋាន ទន្ទឹមនេះមានការលេចឡើងជាច្រើនប្រភេទ គ្រឿងញៀនថ្មីៗ សភាពការផលិត ជួញដូរ ដឹកជញ្ជូន និងការប្រើប្រាស់គ្រឿងញៀនសំយោគ សារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទមានការកើនឡើង។

បណ្ដាញខ្សែរយៈដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអ៉ីន មកពីប្រទេសអាមេរិកឡាទីន ត្រូវបានរកឃើញ និងឃាត់ខ្លួននាពេលថ្មីៗនេះ

បានបង្ហាញឱ្យឃើញថាគ្រឿងញៀនប្រភេទកូកាអ៉ីននេះ កំពុងចូលមកទីផ្សាតំបន់អាស៊ីអាគ្នេយ៍ហើយកងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ

បានខិតខំសហការផ្សព្វផ្សាយចែករំលែកបទពិសោធន៍ និងផ្ដលព៌ត័មានទៅវិញទៅមកនូវវិធានការជំនាញស៊ើបអង្កេត បំផ្លាញខ្សែរយៈសំបុករបស់ឧក្រិដ្ឋជនគ្រឿងញៀនជាពិសេស។

លោកវរសេនីយ៍ឯក យិន យឿត បានលើកឡើងពីសភាពការណ៍គ្រឿងញៀនថា រហូតមកទល់ពេលនេះកម្ពុជាក៏ដូចវៀតណាមនៅតែបន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់

ដែលមានប្រភពផ្សេងៗទាំងក្នុង និងក្រៅតំបន់ ហើយបាននិងកំពុងបន្តបង្កនូវផលប៉ះពាល់ដល់សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឈសង្គម។

លោកថា ដោយទ្បែកកម្ពុជា នៅតែបន្តទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងថ្មីៗពីការចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍

និងការប៉ុនប៉ងយកកម្ពុជា ជាកន្លែងកែច្នៃផលិតគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ដែលកម្ពុជាកំពុងមមាញឹកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

លើកទី៧ ដែលបន្តអនុវត្តន៍ដោយឈរលើវិធានការចំនួន៥គឺ៖ វិធានការអប់រំ, វិធានការរដ្ឋបាល, វិធានការអនុវត្តច្បាប់, វិធានការព្យាបាល ស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ រួមជាមួយវិធានការសហប្រតិបត្តិការអន្តរជាតិ

ដែលក្នុងនោះវិធានការព្យាបាល និងស្តារនីតិសម្បទា គឺយើងបានដាក់ឱ្យមានទីកន្លែងសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងបង្ខំដោយអនុឡោមតាមច្បាប់ជាតិ

អន្តរជាតិ មនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស។ រយៈពេល ៩ខែ ឆ្នាំ២០២២នេះ យើងគ្រប់គ្រងបានអ្នកប្រើប្រាស់គ្រឿងញៀន មានចំនួន ១៧,៩៩៦នាក់។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ សិក្ខាកាមទាំងអស់នឹងខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងចូលរួមចែករំលែកបទពិសោធន៍ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ៕

ដកស្រង់ពី៖ Fresh News