Social Network

រដ្ឋមន្ត្រីក្រសួងការងារ ឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជាចាប់ដៃគូជាមួយក្រសួងជួយដល់កម្មករ និងពលករនៅក្រៅប្រទេស

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានឯកភាពឱ្យសមាគមថ្នាលយុវជនកម្ពុជារៀបចំជាអនុស្សរណ:យោគយល់គ្នាជាមួយក្រសួង

ដើម្បីបង្កើតភាពជាដៃគូឱ្យកាន់តែជិតស្និតថែមទៀតក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ការសហការគ្នាជួយដល់កម្មករនិយោជិត និងពលករនៅក្រៅប្រទេសនេះមានសារសំខាន់ណាស់ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចំរើនជឿនលឿន

តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ៅ ផល្លាប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក)នៅព្រឹកថ្ងៃទី២៣ ខែមីនា នេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមកន្លងមកបានចូលរួមចំណែកយ៉ាងប្រសើរក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាគាំទ្រទៅដល់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាពិសេសសកម្មភាពជួយដល់យុវជន និងជនងាយរងគ្រោះ ដើម្បីទទួលបានកិច្ចគាំពារ និងបង្កើតបាននូវឱកាសនានា។

លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជាបានមានប្រសាសន៍ថាសមាគមរបស់លោកបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់វណ្ណៈ អោយចូលជាសមាជិក។

បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ សមាគមមានសមាជិកជាក្បាលម៉ាស៊ីនដឹកនាំតាមរាជាធានី ខេត្ត ក្រុង សរុបចំនួន ៣ ០២៩នាក់ (ស្រី ១ ៥៥៤នាក់)។លោកបានបន្តថា សមាគម សយក បានចុះធ្វើសកម្មភាពការងារមានចំនួន ១៦ខេត្ត ក្រុង

និងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន ៤៨លើកដែលក្នុងនោះមានដូចជាការឧបត្ថម្ភជាថវិកាទៅលើគ្រួសារជនក្រីក្រ ជនពិការ និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុកដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ថ្មីៗនេះសមាគម ក៏បានធ្វើការខិតខំក្នុងការពង្រីកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបាន ២១២នាក់(ស្រី១១៣នាក់) ថែមទៀត។

លោក ម៉ៅ ផល្លា បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការចូលរួមការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីគាំទ្រដល់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី