Social Network

រដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម កាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី

(ឥណ្ឌូនេស៊ី)៖ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅអំឡុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ នាទីក្រុងម៉ាហ្គាឡាំង នៃប្រទេសឥណ្ឌូនេស៊ី លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានជំរុញឲ្យកម្ពុជានាំចូលផលិតផលកសិកម្ម ឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបជញ្ជាក់ថា ក្នុងជំនួបនោះ លោក Gan Kim Yong បានជំរុញឱ្យភាគីកម្ពុជា នាំចូលផលិតផលកសិកម្មរបស់ខ្លួនឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក Gan Kim Yong និងសហការី ព្រមទាំងបានថ្លែងអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ កន្លងទៅ។

លោករដ្ឋមន្ត្រី ពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ និងលោក Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនានា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

ដកស្រង់ពី៖ Fresh News