Social Network

សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បង្កើតមជ្ឈមណ្ឌលសិក្សានៅចិន ស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា

(ភ្នំពេញ)៖ សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ ទើបនឹងបង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន ដើម្បីស្វែងរកកិច្ចសហការជាមួយដៃគូនៅប្រទេសចិន ក្នុងការស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេ បានទៅសិក្សានៅប្រទេសចិន ខណៈបច្ចុប្បន្នមានដៃគូសហការជាង ១០០សាលាហើយ។

ក្នុងពេលបើកដំណើរការមជ្ឈមណ្ឌលសិក្សា នៅប្រទេសចិនជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក សរ រិទ្ធី អគ្គលេខាធិការសមាគមកម្ពុជាចិន

ដើម្បីផ្លាស់ប្ដូរការអប់រំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីស្វែងរកកិច្ចសហការជាមួយដៃគូ/សាកលវិទ្យាល័យ នៅប្រទេសចិន ក្នុងការស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេ បានទៅសិក្សានៅប្រទេសចិន សំដៅធ្វើយ៉ាងណាផ្លាស់ប្ដូរការសិក្សារបស់សិស្សនិស្សិត ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ។

លោកអគ្គលេខាធិការបានបន្តថា បច្ចុប្បន្នសមាគមកំពុងស្វែងរកដៃគូ ផ្ដល់អាហារូបករណ៍នៅប្រទេសចិន ដែលមកដល់ពេលនេះ មានសាកលវិទ្យាល័យជាង ១,០០០ហើយដែលបានទំនាក់ទំនង ក្នុងនោះមានជាង១០០សាលា គឺបានឯកភាពផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា។

លោកបន្តទៀតថា នៅពេលទទួលបានអាហារូបករណ៍ពីដៃគូនៅប្រទេសចិនហើយ មជ្ឈមណ្ឌលសិក្សនៅប្រទេសចិននឹងផ្ដល់ ជូនអាហារូបករណ៍ទាំងនោះទៅរាជរដ្ឋាភិបាលកម្ពុជា សមាគមអាហារូបករណ៍សម្ដេចតេជោ អ.ម.ត ដើម្បីបែងចែកផ្ដល់ជូនសិស្សនិស្សិតក្រីក្រ ដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិន។ បើតាមលោក សរ រិទ្ធី សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ ក៏មានកម្មវិធីបំពាក់បំប៉នភាសាចិន ជូនសិស្សនិស្សិតកម្ពុជា មុននឹងបញ្ជូនពួកគេទៅសិក្សានៅប្រទេសចិននោះដែរ។

នេះជាឱកាសរបស់សិស្សនិស្សិតកម្ពុជា ក្នុងការទទួលបានឱកាសទៅសិក្សានៅប្រទេសចិន ការទទួលបានព័ត៌មាន ការត្រៀមខ្លួន ព្រមទាំងចំណេះដឹងបន្ថែមភាសាចិន។

លោកអគ្គលេខាធិការបញ្ជាក់ទៀតថា ក្នុងជំហានដំបូងនេះ សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំមានអាហារករណ៍សរុប២០០កន្លែង ហើយប្រសិនបើការងារនេះជោគជ័យ សមាគមនឹងបន្តស្នើសុំបន្ថែមលើសពីជំហានដំបូងនេះសម្រាប់ផែនការបន្តបន្ទាប់ទៅមុខទៀត។

សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ ក៏បានផ្ដល់អាហារូបករណ៍ចំនួន២០កន្លែង ជូនទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិនិត្យលើលទ្ធភាព និងបែងចែកទៅឱ្យសិស្សនិស្សិតណាខ្លះក្នុងការបញ្ជូនទៅសិក្សានៅប្រទេសចិននាពេលខាងមុខ។

ជំនាញដែលផ្ដល់អាហារូបករណ៍នោះ គឺមានច្រើនវិស័យ ដូចជាទេសចរណ៍ រដ្ឋបាលសាធារណៈ កសិកម្ម បច្ចេកវិទ្យា ធុរកិច្ច នយោបាយ ប៉ុន្តែសមាគមចាប់អនុវត្តវិស័យអាទិភាពចាំបាច់មុនគេ ហើយសមស្របទៅនឹងកម្រិតរបស់សិស្សនិស្សិតកម្ពុជា

ពិសេសគឺឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពីព្រោះនៅកម្ពុជាមានទីផ្សារការងារច្រើនណាស់ដែលកំពុងត្រូវការបុគ្គលិកជំនាញ។ នេះបើតាមការបន្ថែមរបស់លោក សរ រិទ្ធី។

មួយវិញទៀតថា សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ នឹងរៀបចំឱ្យមានពិព័រណ៍អប់រំអន្តរជាតិលើកដំបូង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយព័ត៌មាន ដល់សិស្សនិស្សិតកម្ពុជាពីឱកាសទទួលបានការសិក្សា តាមរយៈអាហារូបករណ៍នៅប្រទេសចិន។

សិស្សនិស្សិតកម្ពុជានឹងបានឈ្វេងយល់ពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនៅប្រទេសចិនកាន់តែច្បាស់ ពិសេសគឺឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅទីនោះ។

គួរជម្រាបថា កិច្ចខិតខំរបស់សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ ក៏ដូចជាការបង្កើតឱ្យមានមជ្ឈមណ្ឌលសិក្សនៅប្រទេសចិននេះ

គឺស្របទៅនឹងស្មារតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងចង់ជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស ខណៈមិត្តភាពកម្ពុជា-ចិនគឺជាមិត្តភាពរឹងមាំដូចដែកថែប៕

ដកស្រង់ពី៖ Fresh News