Social Network

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលជាធរមាន

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី ០៨ មិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។

រដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់

ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។ លោក Thani bin Ahmed Al Zeyoudi បានកោតសរសើលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសក្តានុពលក្នុងការវិនិយោគ និងធុរកិច្ចលើស្ទើគ្រប់វិស័យ

ដែលវិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួមអាចច្បាមយក ដើម្បីបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

បានថ្លែងនៅក្នុងវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមាន៖

ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងតំបន់ បរិយាកាសវិនិយោគអំណោយផល ពិពិធកម្មទីផ្សារនាំចេញទូលាយបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពធន់នៃសេដ្ឋកិច្ច ភាពសំបូរបែបនៃវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាដើម។

សូមបញ្ជាក់ថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមប្រកាសបើកការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

(Cambodia-UAE Comprehensive Economic Partnership Agreement ហៅកាត់ Cambodia-UAE CEPA) កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម៕

ដកស្រង់ពី៖ កម្ពុជាថ្មី