Social Network

កសិករ​កម្ពុជា​ ត្រូវ​ការ​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​ ដើម្បីជំរុញផលិតកម្ម​កសិកម្ម

បច្ចុប្បន្នកសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម។

នេះជាការលើកឡើងរបស់ លោក ឌីត ទីណា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសជប៉ុន បានមានប្រសាសន៍ថា

សព្វថ្ងៃក្រសួងកសិកម្មបានរៀបចំគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាដើម្បីធានានិរន្តរភាពស្បៀង និងផ្ដោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើមផលិត និងជំរុញនូវផលិតផលដែលមានសក្ដានុពល មានតម្លៃទីផ្សារល្អ សម្រាប់ការនាំចេញ។

ជាក់ស្ដែង មានស្រូវ ស្វាយចន្ទី ជាដើម ដើម្បីឱ្យកសិករអាចបង្កើនចំណូល មានចំណេញ និងមានប្រសិទ្ធភាព។លើសពីនេះទៀត លោករដ្ឋមន្ត្រីថា កសិករកម្ពុជាក៏ត្រូវការកម្ចីដែលមានអត្រាការប្រាក់ទាប និងទំនុកចិត្តនានាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code ក៏ដូចជាការផ្សព្វផ្សាយ ពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់មានភាពប្រសើរឡើងស្របតាមស្តង់ដារគោលនយោបាយនិងទីផ្សារ។

យ៉ាងណាមិញ បើតាមលោក ឌិត ទីណា គម្រោងអភិវឌ្ឍវិស័យកសិកម្ម ត្រូវបានយកចិត្តទុកដាក់ និងគិតគូរលើការកាត់បន្ថយថ្លៃដើម ការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ មានការតាំងចិត្ត មានឆន្ទៈ ព្រមទាំងការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី