Social Network

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម

(សៀមរាប)៖ ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ។

 កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ បានរៀបចំធ្វើឡើងរយៈ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «មហាអនុតំបន់មេគង្គឆ្ពោះ ទៅកាន់ខ្សែសង្វាក់តម្លៃ ផលិតកម្មកសិកម្ម ប្រកបដោយចរីភាព សុវត្ថិភាព និងបរិយាប័ន្ន» ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោក រ៉ាម៉េស ស៊ុបប្រាម៉ានៀម អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនានា ប្រចាំកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនា សណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួន សម្រាប់ការពិភាក្សាគ្នា ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ»

អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ របស់លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក រួមមាន៖

ទី១៖ ជំរុញឲ្យបានឆាប់នូវការអនុម័តផែនការយុទ្ធសាស្រ្ដ សម្រាប់ជំរុញខ្សែសង្វាក់តម្លៃផលិតកម្ម កសិកម្មប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២ ដើម្បីធ្វើសុខដុមនីយកម្មនៃស្ដង់ដារសុវត្ថិភាពអាហារ ការត្រួតពិនិត្យជំងឺ និងសត្វល្អិតឆ្លងដែន និងធ្វើកសិកម្មប្រកបដោយនិរន្ដភាព និងបរិស្ថានល្អ។

ទី២៖ ជំរុញ និងពង្រឹងភាពជាដៃគូវិស័យឯកជន និងសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសពង្រីងការត្រួតពិនិត្យឲ្យបានខ្លាំងក្លា និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព របស់ក្រុមការងារកសិកម្ម នៃមហាអនុតំបន់មេគង្គ ដើម្បីសម្រេចបានជោគជ័យ លើការអនុវត្ដផែនការយុទ្ធសាស្ដ្រ សម្រាប់ជំរុញវិនិយោគលើខ្សែសង្វាក់ តម្លៃផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២។

ទី៣៖ បន្ដកិច្ចសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការធានាអភិវឌ្ឍសេដ្ឋកិច្ច បៃតងការរក្សានិរន្ដភាព បរិស្ថានសម្រាប់បណ្ដាប្រទេស មហាអនុតំបន់មេគង្គទាំងមូល រួមទាំងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការទទួលខុសត្រូវ ចំពោះជោគវាសនានៃមនុស្សជាតិ និងធនធានធម្មជាតិ ដោយផ្អែកលើក្របខ័ណ្ឌបច្ចេកទេស និងកិច្ចព្រមព្រៀងគោលនយោបាយចម្បងៗ ក្នុងតំបន់ និងពិភពលោក។

ទី៤៖ ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួល ក្នុងការចែករំលែកព័ត៌មានកសិកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងបណ្ដាប្រទេសមហាអនុតំបន់មេគង្គ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ទី៥៖ លើកកម្ពស់ការទទួលយកនូវវិធីសាស្ដ្ររួមគ្នា ក្នុងការត្រួតពិនិត្យជំងឺសត្វឆ្លងដែន ដោយផ្អែកលើបទពិសោធន៍ ដែលមានស្រាប់ និងសក្ដានុពលថវិកាដែលមាន ក្នុងនោះខ្ញុំស្នើសុំឲ្យសាធារណរដ្ឋប្រជាមានិតចិន ពិចារណាដឹកនាំលើការងារនេះ ដោយមានការចូលរួម ពីប្រទេសមហាអនុតំបន់មេគង្គនីមួយៗ។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ ក្នុងគោលបំណងគិតគូរដល់ការគាំទ្រ ដល់គោលការណ៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្ដប់ប្រទេស៥ និងខេត្ត១ នៃប្រទេសចិន, ប្រទេសកម្ពុជា, ខេត្តយូណាន និងតំបន់ស្វ័យត្នហ្គាងស៊ី នៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងប្រទេសវៀតណាម ដែលជាសមាជិក នៃមហាអនុតំបន់នេះ៕

ដកស្រង់ពី៖FRESH NEW