Social Network

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យសមត្ថកិច្ចតាមរកអ្នកពាក់ព័ន្ធដែលវាយប៉ងសម្លាប់ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំមន្ទីរពេទ្យលោកសង្ឃថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលឈានដល់ការប្រើអំពើហិង្សា លើបុរសអ្នកបើកបររថយន្តបង្ក បណ្តាលឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ, លោកបានចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពី កន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរព្រោះវា ជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។

លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។

ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។

ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់ អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។

...ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។

សូមជម្រាបថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះជាបន្តបន្ទាប់តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយប៉ងសម្លាប់និងបំផ្លាញ រថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនោះ មានឈ្មោះ បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។

សមត្ថកិច្ចបញ្ជាក់ថា លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុដែលបើកដោយ លោក ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំ វត្ទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅ ម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿងតាមទាន់៕

ដកស្រង់ពី៖ Fresh News