Social Network

រដ្ឋមន្រ្តីការងារ៖ ថៅកែរោងចក្រទាំងអស់ នឹងតម្រូវឲ្យតម្កល់លុយនៅ ប.ស.ស ដើម្បីទប់ស្កាត់បញ្ហាថៅកែរត់ចោលកម្មករ

(ភ្នំពេញ)៖ ក្រោយកើតមានបញ្ហាច្រុំដែលៗ ពាក់ព័ន្ធនឹងករណីថៅកែ រោងចក្ររត់ចោលកម្មករ មិនបើកប្រាក់ ឈ្នួលជាបន្តបន្ទាប់រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុង រៀបចំនីតិវិធីថ្មីទៀត ដែលតម្រូវរោង ចក្រទាំងអស់នៅកម្ពុជា ត្រូវតម្កល់ប្រាក់វិភាគ ទានក្នុងចំនួនណាមួយ ដើម្បីទុកសម្រាប់ដោះ ស្រាយហានិភ័យជាយថាហេតុ ដូចជាករណីថៅកែរត់ចោល កម្មករនេះជាដើម។

នេះបើយោងតាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «សម្រាប់ករណីរោងចក្របិទទ្វារដោយថៅកែរត់ចោល រដ្ឋាភិបាលចាត់ទុកថា ជាហានិភ័យមួយ ហើយចាប់ពីពេលហ្នឹងទៅ ក្រសួងការងារ នឹងចាត់វិធានការទៅតាម គោលការណ៍របស់រាជរដ្ឋាភិបាលកំណត់។ ឥឡូវនេះ យើងកំពុងបង្កើតឲ្យមានរបប សន្តិសុខសង្គមផ្នែកនិកម្មភាព ដែលនិកម្មភាពហ្នឹង គឺសម្រាប់ឲ្យសហគ្រាសទាំងអស់ មានកាតព្វកិច្ចត្រូវ បង់នូវប្រាក់ វិភាគទានរបស់ខ្លួន ចូលបេឡាជាតិ របបសន្តិសុខសង្គម ដើម្បីទប់ស្កាត់ ហានិភ័យជាយថាហេតុណា មួយដែលកើតឡើង គឺ ប.ស.ស នឹងមានលទ្ធភាពទូទាត់»។

លោករដ្ឋមន្ត្រីបានពន្យល់ថា ថៅកែរោងចក្រមិនត្រូវ អាងតែរាជរដ្ឋាភិបាលទូទាត់ ប្រាក់ឈ្នួលជូនកម្មករជំនួសខ្លួន ហើយនាំគ្នារត់គេចមិនបើកប្រាក់ឈ្នួលជូនកម្មករនោះទេ ពោលរាល់អ្នកដែល បានរត់ចោលរោងចក្រហើយនោះ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការយ៉ាងហ្មត់ចត់ ក្នុងការឲ្យថៅកែទាំងនោះ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឲ្យចប់សព្វគ្រប់ និងត្រឹមត្រូវបំផុត។

លោកបន្តថា ក្រៅពីវិធានការទាំងនេះ រាជរដ្ឋាភិបាលក៏បានចេញ ប្រកាសមួយហើយដែរ ដែលតម្រូវឲ្យរោង ចក្រទាំងអស់បើកប្រាក់អតីត ភាពរបស់កម្មករ រៀលរាល់៣ខែម្ដង ឬ១ខែម្ដង ដើម្បីកុំឲ្យថៅកែ រោងចក្រជំពាក់កម្មករច្រើនពេក ដោយលោកបានថ្លែងថា «ឥលូវកំពុងរៀបចំប្រកាសស្ដីពី នីតិវិធីទូទាត់ជាបណ្ដើរៗ មានរោងចក្រមួយចំនួនបានអនុវត្តហើយ ៣ខែទូទាត់ម្ដង ឬ១ខែទូទាត់ម្ដង ហ្ចឹងរោងចក្រមិនជំពាក់ ប្រាក់អតីតភាពកម្មករច្រើនពេកទេ»។

ប្រមុខក្រសួងការងារបានអះអាងថា គ្រប់វិធានការទាំងអស់ដែល រាជរដ្ឋាភិបាលរៀបចំឡើង គឺដើម្បីសុវត្ថិភាពការងារដល់ កម្មករនិយោជិតទាំងឡាយ សំដៅធានាកុំឲ្យមានការព្រួយបារម្ភ ចំពោះបញ្ហាថៅ កែបិទទ្វាររត់ចោល ឬមួយក៏មានអ្នកទៅញុះញង់ ឲ្យថៅកែរត់ចោលទៅ គង់តែរដ្ឋាភិបាលដោះស្រាយ ព្រោះឥលូវនេះឲ្យ តែមានករណីថៅកែរត់ចោលកម្មករ អ្នកដែលរត់នោះ គឺមិនរួចខ្លួនឡើយ រាជរដ្ឋាភិបាលនឹងចាត់ វិធានការតាមច្បាប់ ទាមទារឲ្យពួកថៅកែ ទាំងនោះអនុវត្តតាមកាត ព្វកិច្ចរបស់ខ្លួនឲ្យទាល់តែបាន៕

ដកស្រង់ពី៖ Fresh News