Social Network

រដ្ឋមន្ត្រីការងារ ជំរុញឲ្យវេជ្ជបណ្ឌិតដែលមិនទាន់មានការងារធ្វើ គួរចូលធ្វើការនៅក្នុងគិលានដ្ឋានតាមរោងចក្រ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ (IU) ចំនួន៤៧៤នាក់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តឲ្យ វេជ្ជបណ្ឌិតដែលទើប បញ្ចប់ការងារ ហើយតែទាន់ មានការងារធ្វើ គួរតែចូលបម្រើការ ផ្នែកសុខាភិបាលនៅក្នុងគិលានដ្ឋាន តាមសហគ្រាស-គ្រឹះស្ថាននានា។

លោករដ្ឋមន្ត្រីថ្លែងថា នៅថ្ងៃនេះ កម្ពុជាបានបញ្ចេញធនធានម នុស្សផ្នែកវេជ្ជបណ្ឌិតជិត ៥០០នាក់ទៀត ដើម្បីចេញបម្រើការងារ ផ្នែកសុខាភិបាល ប៉ុន្តែមិនប្រាកដថា ពួកគេមានការងារ ឬមុខរបរ ទាំងអស់គ្នានោះទេ ដូច្នេះអ្នកទាំងនោះអាច ទៅទំនាក់ទំនងជា មួយក្រសួងការងារ តាមរយៈនាយកដ្ឋានពេទ្យការងារ ដែលមានលោក ឡេង តុង ជាប្រធាននាយកដ្ឋាន ព្រោះនៅតាមរោងចក្រ សហគ្រាសមួយចំនួន កំពុងត្រូវការវេជ្ជបណ្ឌិត និងគ្រូពេទ្យបម្រើការ ក្នុងគ្រឹះស្ថានរបស់ពួកគេ។

លោករដ្ឋមន្ត្រីបន្តថា តាមច្បាប់ស្ដីពីការងារ បានតម្រូវឲ្យគ្រប់សហគ្រាស គ្រឹះស្ថានការងារ ត្រូវតែមានគិលានដ្ឋាន និងគ្រូពេទ្យប្រចាំការនៅទីនោះ ដើម្បីជួយសង្គ្រោះបឋម និងជួយកម្មករទាក់ទង នឹងសុខភាព និងសុវត្ថិភាពការងារ។

ប្រធាននាយក ដ្ឋានពេទ្យការងារ លោក ឡេង តុង បានឲ្យដឹងថា បច្ចុប្បន្នសហគ្រាស គ្រឹះស្ថាននៅកម្ពុជាមានជាង ១,២០០គ្រឹះស្ថាន ក្នុងនោះមាន ៨៨% មានគិលានដ្ឋានរួចហើយ ពោលនៅតែ ១២% ទៀតប៉ុណ្ណោះ ដែលមិនទាន់មាន គិលានដ្ឋាន ហើយនេះជាឱកាសសម្រាប់ គ្រូពេទ្យដែលទើបបញ្ចប់ការសិក្សា អាចទទួលបាននូវការងារនេះ។

លោក ឡេង តុង បានណែនាំថា ដើម្បីទទួលបានការងារ នៅតាមគិលានដ្ឋាន វេជ្ជបណ្ឌិតត្រូវចូល រួមវគ្គបណ្ដុះបណ្ដាលស្ដីពី សុខភាព និងសុវត្ថិភាពការងារ និងត្រូវទាក់ទង ផ្ទាល់ទៅរោងចក្រ សហគ្រាស ដែលមិនទាន់មាន គ្រូពេទ្យបម្រើការក្នុងគិលានដ្ឋាន ឬរោងចក្រសហគ្រាណា ដែលមិនទាន់បង្កើតគិលានដ្ឋាន។

ទោះយ៉ាងណា លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអំពាវនាវឲ្យវេជ្ជបណ្ឌិត ក៏ដូចជាក្រុមគ្រូពេទ្យ ដែលបម្រើការនៅតាមគិលានដ្ឋាន និងមន្ទីរពេទ្យនានា ដែលជាដៃគូរបស់បេឡាជាតិ របបសន្តិសុខសង្គម សូមប្រកាន់នូវ ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ មានការយោគយល់ដល់ កម្មករដែលមានបញ្ហាសុខភាព ពិសេសបើមានករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬបញ្ជូនទៅ មន្ទីរពេទ្យថ្នាក់ជាតិនានា ដែលជាដៃគូរបស់ ប.ស.ស ជាមួយការយកចិត្ត ទុកដាក់ឲ្យបានល្អជាទីបំផុត៕

ដើស្រង់ពី៖  Fresh News