Social Network

ប្រធានបក្សយុវជន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត៥ពាន់ដុល្លារ ដល់កីឡាប្រដាល់ខ្មែរ ដែលអាចផ្តួលកីឡាករថៃម្នាក់ ដែលប្រមាថអ្នកប្រដាល់ខ្មែរ

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានប្រកាសផ្តល់ រង្វាន់៥ពាន់ដុល្លារ ដល់កីឡាករ ប្រដាល់ខ្មែរណា ដែលផ្តួលកីឡាករ ប្រដាល់ថៃម្នាក់ ដែលបានបង្ហាញឫកពា ក្អេងក្អាង ប្រមាថដល់ អ្នកដាល់ខ្មែរ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «បើមានកីឡាករ គុនខ្មែរណាមួយ ផ្តួលកីឡាករ សៀមនេះបាន (ចោរសៀម) ខ្ញុំជូនថវិកាលើក ទឹកចិត្ត៥ពាន់ដុល្លារ។

ពូជខ្មែរជាពូជប្រយុទ្ធ មិនអាចឱ្យជនបរ ទេសណាមួយ មើលងាយបានឡើយ។

យើងរួមគ្នាលើកគុណ តម្លៃវិស័យគុនខ្មែរ»។ ប្រតិកម្មដ៏ខ្លាំងក្លារបស់ ប្រធានគណបក្សយុវជន បានធ្វើឡើងបន្ទាប់ ពីកីឡាករប្រដាល់ ថៃឈ្មោះ Saensatharn P.K.Saenchai បានបង្ហាញ វីដេអូមួយ ដោយប្រមាថ កីឡាករខ្មែរថាអន់ ហើយហៅកីឡាករខ្មែរ ក្នុងនោះក៏មានឈ្មោះ កែវ រំចង់ ផងដែរដើម្បីវ៉ៃជាមួយខ្លួន។

កីឡាករថៃដ៏ក្អេងក្អាងរូបនេះ ក៏ទទួលរងនូវការ រិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រកីឡាប្រដាល់ ប្រជាពលរដ្ឋកម្ពុជា ដោយចាត់ទុកថា មានចរិតឈ្លើយ ដែលមានទឹក ចិត្តមិនសក្តិសម ជាអ្នកកីឡាប្រដាល់ ទាល់តែសោះ។

សូមបញ្ជាក់ថា បន្ទាប់ពីការ ប្រកាសរបស់ លោក ពេជ្រ ស្រស់ រួចហើយភ្លាមៗនោះ កីឡាប្រដាល់ ខ្មែរដ៏ល្បីម្នាក់ គឺកែវ រំចង់ ក៏បានឆ្លើយតបចំពោះ លោកពេជ្រ ស្រស់ ហើយថាខ្លួននឹងស្នើ សុំប្រកួតជាមួយកីឡាករ Saensatharn P.K.Saenchai បើសិនជាមានការ រៀបចំការប្រកួត នៅពេលខាងមុខ៕

ដកស្រង់ពី៖  Fresh News