Social Network

ថ្ងៃនេះខួបទី៧៣ នៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាខួប ៧៣ឆ្នាំ ដែលកងកម្លាំងនគរបាល ត្រូវបានបង្កើតឡើង ដោយស្នាព្រះហស្ថព្រះ វររាជបិតាជាតិខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោយពេលដែលសង្គ្រាម លោកបានរលត់ទៅ។

កម្លាំងនគរបាលជាតិកម្ពុជា ជាអង្គប្រតិបត្តិច្បាប់ ដ៏សំខាន់មួយរបស់ជាតិ មានភារកិច្ចត្រៀម រក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃកម្ពុជា។

តាមរយៈសារអបអរសាទរ ថ្ងៃកំណើតនគរបាលជាតិនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនគរបាលជាតិកម្ពុជា ដែលជានិច្ចកាល បានខិតខំព្យាយាម ជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់ការពារខឿនសន្ដិភាព អធិបតេយ្យភាព បូរណភាពទឹកដី ទប់ស្កាត់នូវអំពើភេរវកម្ម និងបង្ក្រាបទាន់ពេលវេលា នូវបទឧក្រិដ្ឋឆ្លងដែន ខណៈដែលប្រទេសជា ច្រើននៅក្នុងសកលលោក កំពុងតែប្រឈម និងរងគ្រោះដោយសារសង្គ្រាម អំពើភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខ ផ្សេងៗទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កងទ័ពបានសាងស្នា ដៃយ៉ាងធំធេងក្នុង ការរក្សានូវស្ថិរភាព ជីវភាពសង្គម និងប្រក្រតីភាពស្ថាប័ន កំពូលរបស់រដ្ឋតាម រយៈការវាយឲ្យបរាជ័យនូវឧបាយកលពិសពុល របស់ពួកអមិត្ត ដែលបានឃុបឃិត ជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ តាមបែបផែនការបដិវត្ត ពណ៌ដណ្តើមយកអំណាចផ្ទុយពីគោការណ៍នៃលទ្ធប្រជាធិបតេយ្យ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨កន្លងទៅ កងកម្លាំងនគរបាលជាតិគ្រប់ផ្នែក គ្រប់ថ្នាក់ បានខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ ធ្វើការតស៊ូ ព្យាយាមអត់ធ្មត់ ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង បំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការពារបាននូវខឿន អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរបស់ពួកអមិត្ត ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានរំលេចនូវស្នាដៃធំៗជា ច្រើនរបស់កងកម្លាំង នគរបាលជាតិ ដែលបានពលីនៅ ក្នុងបុព្វហេតុជាតិ និងប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។

បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្មដោយ ស្មារតីអង់អាចក្លាហាន ជាមួយកងយោធពលខេមរភូមិន្ទរក្សាបបានូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងកំពុងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្លាំងនគរបាលជាតិ បានបញ្ជៀសមិនឲ្យកើតមាននូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលជាមហន្តរាយ និងជាឧបសគ្គដ៏ធំសម្រាប់ ដំណើរការអភិវឌ្ឍន៍ប្រទេស។

បានធានាសុខុដុមនីយកម្មសង្គមជាតិ ដោយបានធ្វើឲ្យសភាពការណ៍ សន្តិសុខជាទូទៅមានការវិវឌ្ឍន៍ កាន់តែប្រសើរ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ទទួលបានសេចក្តីសុខ សុវត្ថិភាព រួមទាំងវិនិយោគិន ពាំណិជ្ជករ ទេសចរណ៍បរទេស បណ្តាគោលដៅ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងកម្មវិធីតូចធំជាច្រើនទៀត។
បើទោះបីកង កម្លាំងនគរបាលជាតិ បានប្រឹងប្រែងរួមចំណែក យ៉ាងច្រើនក្នុងសកម្ម ភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គមយ៉ាងណាក្តី តែថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលជាតិនៅ តែមើលឃើញនូវបញ្ហាមួយ ចំនួនទាមទារឲ្យមាន ការកែសម្រួល។ ក្នុងឱកាសខួបនេះ សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្ត និងសំណូមពរដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ គ្រប់ផ្នែក ឲ្យបន្ដលើកកម្ពស់ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អនុវត្តយ៉ាងខ្ជាប់ខ្ជួន និងហ្មឹងម៉ាត់ តាមគោលនយោបាយ និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេស ចំពោះមុខត្រូវអនុវត្ត ឲ្យបានសម្រេចនូវផែនការ ការពារបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់នាយឧត្តមសេនីយ៍ នេត សាវឿន វិញ បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់៕

ដកស្រង់ពី៖  Fresh News