Social Network

​អភិបាលខេត្តស្ទឹងត្រែង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្រុងស្ទឹងត្រែង ចំនួន​១,៤៣២ក្បាលដី​

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងសង្កាត់ចំនួន២ នៃក្រុងស្ទឹងត្រែង ដែលមានសរុប១,៤៣២ក្បាលដី ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុងស្ទឹងត្រែង មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប២០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈ ជាប្រព័ន្ធក្នុងតំបន់វិនិច្ឆ័យ និងបានធ្វើការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ពិសេសនៅក្នុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ គឺបានប្រគល់ជូនប្រជាពលរដ្ឋ ចំនួន២,៨៧១ប័ណ្ណ។

ដោយឡែកនៅថ្ងៃនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិកណ្តាល ភូមិត្រពាំងព្រីង ស្ថិតនៅក្នុងសង្កាត់ស្រះឫស្សី និងភូមិថ្មលាត ស្ថិតនៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានសរុបចំនួន ១,៤៣២ក្បាលដី ដោយក្នុងនោះមាន ភូមិកណ្តាល ៣៩៣ក្បាលដី ភូមិត្រពាំងព្រីង ៤៤៤ក្បាលដី និងភូមិថ្មលាត ៥៩៥ក្បាលដី។

លោក ម៉ុម សារឿន បានបញ្ជាក់បន្ថែមទៀតថា ការទទួលបាននៅសិទ្ធិ គ្រប់គ្រងអចលនវត្ថុ ដែលមានប័ណ្ណកម្មសិទ្ធិ ទទួលស្គាល់ជាផ្លូវការ បានចេញជូននេះ គឺមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងមិនអាចអ្នកណាបំពានបានឡើយ ប៉ុន្តែសូមប្រើប្រាស់ដោយស្របច្បាប់ និងបម្រើដល់ផល ប្រយោជន៍ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរជំនាញខិតខំ បន្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសិក្សាអំពីតំបន់វិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងឈានទៅប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិឃុំ មួយចំនួនទៀត ក្នុងខេត្តស្ទឹងត្រែង៕

ដកស្រង់ពី៖  Fresh News